ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួម ជាង ៣ពាន់នាក់ មកពី ៥១ប្រទេស

អត្ថបទដោយ៖
ជាវ ចន្ធូ

(ខេត្តសៀមរាម)៖ នៅបរិវេណខាងមុខប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ
បានរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដោយមានអ្នកចូលរួមពីអត្តពលិក ជាតិ និងបរទេសសរុបចំនួន ៣,០២១នាក់ មកពី ៥១ប្រទេស ។

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងអត្តពលិកជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងទិវានេះ ។ 

ឯកឧត្តម ថោង ខុន  មាន ប្រសាសន៍ថា ទិវាប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ មានការចូលរួមពី
អត្តពលិក សរុបចំនួន ៣,០២១នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ២,២០៦នាក់ និងអត្តពលិកបរទេសចំនួន ៨១៥នាក់ មកពី ៥១ប្រទេស ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ទិវាប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ ក៏ជាការចូលរួមអបអរសាទរ នៃការបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ស្អែកនេះ ដែលជាព្រែកជីកប្រវត្តិសាស្រ្ត ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយបន្តស្នាដៃ ហើយជំរុញបន្ថែមក្នុងការអនុវត្តគម្រោង ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមស្មារតីគម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរនិងដើម្បីខែ្មរទាំងអស់គ្នា។

សូមឱ្យអត្តពលិកជាតិ អន្តរជាតិរត់ឱ្យបានសប្បាយរីករាយឈ្នះៗទាំងអស់គ្នា ប្រកបដោយសុខសុវត្ថិភាព ហើយសង្ឃឹមថា អត្តពលិកជាតិ អន្តរជាតិទាំងអស់ នឹងបន្តចូលរួមទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុនអង្គរវត្តលើកទី២៩នាថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះទៀត។

សូមជម្រាបថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ ចាប់ផ្តើមនៅវេលាម៉ោង ៤:៣០ព្រឹក ។ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ ជាមួយគ្នានេះ ទិវានេះក៏ធ្វើឡើងក្នុងបំណងកិច្ចការពារបរិស្ថានបៃតងក្នុងរមណីយដ្ឋានអង្គរ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner