សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម KIHARA Minoru រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៥ ខែសីហាឆ្នាំ២០២៤ ខាងមុខនេះ។

ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះ នៅព្រឹកថ្ងៃទី៥ ខែសីហា ឯកឧត្តម KIHARA Minoru ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ បន្ទាប់ពីជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោចប់ ឯកឧត្តម KIHARA Minoru ដឹកនាំគណៈប្រតិភូសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ចំណែកនៅរសៀលថ្ងៃទី៥ ខែសីហា ឯកឧត្តម KIHARA Minoru ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner