ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនអប្សរាព័ត៌មាន និងក្រុមហ៊ុន អប្សរាមេឌា សឺវីស អបអរសាទរគាំទ្រការបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ
ភ្នំពេញ៖ខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបង្ហាញមនោ សញ្ចេតនារំភើបរីករាយ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនអប្សរាព័ត៌មាន ក្រុមហ៊ុនអប្សរា មេឌា សឺវីស AMS បានជួបជុំគ្នាដោយទឹកមុខសប្បាយរីក រាយចូលរួមគាំទ្រយ៉ាងក្លៀវក្លា អបអរសាទរសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។
ពិធីជួបជុំដែលប្រព្រឹត្តទៅនៅស្ថានីយវិទ្យនិងទូរទស្សន៍អប្សរា មាន ការទស្សនាការផ្សាយផ្ទាល់នូវទិដ្ឋភាពពិធីបើកការដ្ឋានសាងសង់
ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។នៅម៉ោង៩និង៩នាទីថ្នាក់ដឹកនាំ និងបុគ្គលិកបានបន្ទរនូវជយឃោស អបអរសាទរនិងគាំទ្រយ៉ាង ពេញទំហឹងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាមួយនឹងការទូងស្គរ គោះរគាំង វាយត្រឡោក និងការសម្ដែងសិល្បៈ ឆៃយ៉ាំផងដែរ។ ពិធីជួបជុំបានបន្តពេញមួយព្រឹកជាមួយនឹងការកម្សាន្តសប្បាយ ព្រមទាំងការបរិភោគអាហារសម្រន់ និងភេសជ្ជៈទៅតាមតម្រូវការ។
ថ្នាក់ដឹកនាំមួយរូប តំណាងឱ្យក្រុមហ៊ុនអប្សរាព័ត៌មាន ក្រុមហ៊ុនអប្សរា មេឌា សឺវីសAMS បានបញ្ជាក់ថា ព្រឹកនេះក៏ដូចជាស្ថាប័នរដ្ឋ
ឯកជននិងប្រជាជនកម្ពុជាទូទាំងប្រទេសដែរ ថ្នាក់ដឹកនាំក្រុមហ៊ុនអប្សរាព័ត៌មានដែលមានវិទ្យុ និងទូរទស្សន៍ ក្រុមហ៊ុនអប្សរា បណ្ដាញព័ត៌មាន AMS ទាំងអស់គ្នាបានមកជួបជុំគ្នាបង្ហាញនូវការអបអរសាទរនិងគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាប្រធានព្រឹទ្ធសភានិងបន្តអនុវត្តឱ្យសម្រេចជាសមិទ្ធផលជាក់ស្តែងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។លោកបន្តថា ព្រែកជីកហ្វូណន គឺជាការបន្តនូវចក្ខុវិស័យ នៃអ្នកមេដឹកនាំអាណចក្រហ្វូណន ដែលនឹងផ្តល់នូវគុណប្រយោជន៍ដ៏ធំធេងដល់សេដ្ឋកិច្ចជាតិ កិត្យានុភាពជាត និងជីវភាពសង្គម ។
មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសរំលេចថា អតីតរាជធានីអង្គបុរី ក្នុងសម័យហ្វូណន មានព្រែកជីកចំនួន៥ បម្រើដល់ការធ្វើពាណិជ្ជកម្មរបស់ហ្វូណន។ដូច្នេះការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការអនុវត្តតាមចក្ខុវិស័យមេដឹកនាំអាណាចក្រហ្វូណន។
តាមរយៈការសាងសង់ព្រែកជីកហ្វូណនតេជោ ជាការបង្ហាញដល់បុព្វបុរសខ្មែរសម័យហ្វូណនថា កូនខ្មែរពីរពាន់ឆ្នាំក្រោយបានប្រឹងប្រែងរួបរួមគ្នាប្រមូលផ្តុំកម្លាំងកសាងជាតិឡើងវិញ។ ព្រែកជីកហ្វូណនតេជោ មិនត្រឹមបម្រើពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះ តែក៏បម្រើដល់ប្រព័ន្ធធារាសាស្ត្រជួយដល់ការស្រោចស្រពក្នុងវិស័យផងដែរ។សម្ដេចធិបតីបានបន្ថែមថា កុំមានការសង្ស័យ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់កម្លាំងសេដ្ឋកិច្ចបន្ថែមដល់កម្ពុជា។ ការសាងសង់ព្រែកជីកហ្វូណនតេជោគឺដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើន។
សម្តេចធិបតីបានបន្ថែមថា ថ្ងៃនេះយើងរួមគ្នាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ឆ្នាំក្រោយ យើងនឹងរួមគ្នាធ្វើដំណើរតាមព្រែកជីកនេះ។ ព្រែកជីកហ្វូណនតេជោ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅអមសងខាងព្រែកជីកមានជីវភាពល្អប្រសើរ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលសម្ដេចប្តេជ្ញាប្រឹងប្រែងសាងសង់ព្រែកជីកនេះឱ្យសម្រេចបានជោគជ័យ។
សូមជម្រាបថា ព្រែកជីកហ្វូណនតេជោដែលបានបើកការដ្ឋានស្ថាបនានាពេលនេះ គឺជាការតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ មានទទឹងមាត់លើ ១០០ម៉ែត្រ ទទឹងបាតក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ដោយគ្រោងប្រើប្រាស់រយៈពេល៤ឆ្នាំ នៅក្នុងការស្ថាបនាគម្រោងដ៏ធំមួយនេះ។ព្រែកជីកនេះឆ្លងកាត់ខេត្តចំនួនបួន គឺខេត្តកណ្ដាល
តាកែវ កំពត និងខេត្តកែប៕
ដោយ៖មុនី