គណៈគ្រប់គ្រងអាជីវករផ្សារចាស់អបអរសាទរ និងគាំទ្រទាំងស្រុង លើការបើកការដ្ឋានសាសង់ព្រែកជីកហ្វូណនតេជោ
(ភ្នំពេញ)៖ គណៈគ្រប់គ្រង និងអាជីវករផ្សារចាស់ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រៀបចំពិធីអបអរសាទរការបើកការដ្ឋានសាសង់ព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកប្រវត្តិសាស្ត្រថ្មី១សម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងយុគសម័យសន្តិភាពនិងការឯកភាពជាតិពេញលេញ ដែលនឹងផ្តល់ឧត្តមប្រយោជន៍យ៉ាងធំធេងជូនប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ព្រមទាំងជំរុញការអភិវឌ្ឍគម្រោងនេះឱ្យបានសម្រេចជោគជ័យ ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងព្រែកជីកនេះស្ថិតនៅភាគនិរតីនៃផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ដល់ប្រព័ន្ធ ដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ឱ្យកាន់តែមានសក្ដានុពល តាមរយៈការកាត់បន្ថយរយៈពេល កាត់បន្ថយចម្ងាយផ្លូវនិងតំម្លៃក្នុងការដឹងជញ្ជូន និងនីតិវិធីនៃការដឹកជញ្ជួនឆ្លងកាត់ទំនិញពីកម្ពុជាចេញទៅសមុទ្រ។
គម្រោងនេះនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានជាអាទិភាពក្នុងការទាក់ទាញការវិនិយោគនិងការអភិវឌ្ឍ លើវិស័យដឹកជញ្ជូនពហុមធ្យោបាយតាមផ្លូវទឹក ទន្លេ សមុទ្រ និងកំពង់ផែ ការបង្កើតបាននូវមជ្ឈមណ្ឌលពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ជួយបង្កើតប្រភពត្រីទឹកសាបនៅតាមព្រែកប្រឡាយនានានិងអេកូទេសចរណ៍ ដែលនឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ហើយក៏ជាប្រភពផ្គត់ផ្គង់ទឹក និងជួយរំដោះទឹកជំនន់នៅតាមបណ្តាខេត្តភាគទិសនិរតី យ៉ាងមានប្រសិទ្ធភាពផងដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ