ក្រសួងអភិវឌ្ឍន៍ជនបទ អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ « ព្រែកជីកហ្វូណនតេជោ»
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរ និងបានចូលរួមវាយជួង ទូងស្គ ដើម្បីអបអរសាទរនូវសមិទ្ធិផលជាប្រវត្តិសាស្ត្រ ក្នុងឱកាស ពិធីបើកការដ្ឋានសាងសង់ « ព្រែកជីកហ្វូណនតេជោ» ជាផ្លូវការ នៅទីតាំងក្រសួងអភិវឌ្ឍន៍ជនបទ។
ព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តស្នាដៃ ព្រមទាំងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត។
សូមបញ្ជាក់ថា គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់៕
ដោយ ៖ ង៉ាន់ ទិត្យ