ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ“ ដោយបានវាយជួង ទូងស្គរ ដើម្បីអបអរសាទរនូវសមិទ្ធផលប្រវត្តិសាស្ត្រ នេះ។
ពិធីនេះរៀបចំឡើងនាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការ ដែលស្របគ្នានឹងពិធីសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
គួរបញ្ជាក់ថា ការជីកព្រែកជីកហ្វូណន-តេជោនេះដែរគឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។
ជាមួយគ្នានេះការជីក«ព្រែកជីកហ្វូណន-តេជោ»ត្រូវបានគេជឿជាក់ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕
ដោយ ៖ ម៉ាដេប៉ូ