ក្រសួងអប់រំ កំពុងពង្រឹងការគិតរបស់កុមារតាំងពីនៅតូចៗ តាមរយៈការជំរុញ និងផ្ដល់ឱកាសដល់ពួកគេ បានចូលរួមប្រឡងនានា ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ កំពុងពង្រឹងការគិតរបស់កុមារតាំងតូចៗ តាមរយៈការជំរុញ និងផ្ដល់ឱកាសដល់ពួកគេ បានចូលរួមប្រឡងនានា ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ។
ក្នុងកម្មវិធីបើកការប្រឡងថ្នាក់ជាតិកម្មវិធីUCMAS លើកទី៦ មានកុមារចូលរួមប្រមាណជាង ១ពាន់នាក់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ពឹង គិមឆេន មានប្រសាសន៍ថា ការបណ្ដុះការគិតរបស់កុមារតាំងពីនៅតូច គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ពិសេសលើមុខវិជ្ជាគណិតវិទ្យា ទន្ទឹងនឹងភាសាខ្មែរ ដូចនេះកុមារកម្ពុជា ត្រូវខិតខំព្យាយាមរៀនសូត្រ ។
ឯកឧត្តម បានបន្តថា ចំពោះកុមារ ឬយុវជន ដែលមានភាពឆ្លាតវៃ ក៏ត្រូវបានលើកទឹកចិត្តជាបន្តបន្ទាប់ គឺបានផ្ដល់ឱកាស ឲ្យមានការចូលរួមប្រកួតប្រជែងមុខវិជ្ជាផ្សេងៗ នៅថ្នាក់អន្តរជាតិ ហើយរហូតទទួលបាននូវលទ្ធផលល្អ និងបានឈ្នះពាន់រង្វាន់ផងដែរ ។
ជាមួយនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញបន្ថែមដល់សាលាឯកជន ដែលក្នុងនោះមានសាលា UCMAS ជាដើម បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះធនធានមនុស្សតាំងពីកុមារតូចនេះ ដើម្បីឲ្យពួកគេ មានការគិតឲ្យបានល្អ និងឆ្លាតវៃ ហើយក៏សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមជួយជំរុញលើកទឹកចិត្តកុមារ ឲ្យពួកគេខិតខំរៀនសូត្រ និងទទួលយកនូវចំណេះដឹងថ្មីៗ ជាពិសេសគុណភាពនៃការគិត ។
លោកស្រី ហេង រចនា អគ្គនាយិកា UCMAS ប្រចាំកម្ពុជា លើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ កុមារកម្ពុជាជាច្រើន ដែលសិក្សាក្នុងសាលានេះ គឺមានភាពរីកចម្រើនខ្លាំង អាចធ្វើការប្រកួតប្រជែងជាមួយកុមារ នៃប្រទេសផ្សេងៗបាន ជាក់ស្ដែងកាលពីឆ្នាំ២០២៣ កុមារកម្ពុជាបានទៅចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី លើកម្មវិធី UCMAS បានពិន្ទុខ្ពស់ ហើយទទួលបាន Grand Champion ផងដែរ ។
លោកស្រីបានបន្តថា កម្មវិធីប្រឡងនេះ ដើម្បីបំផុសគំនិតដល់សិស្សានុសិស្សទាំងអស់ឱ្យបានដឹងថា ពួកគេមិនត្រឹមជាបេក្ខជនប្រឡងទេតែគឺជា ផ្តាយដែលមានពន្លឺដ៏អស្ចា្ររ្យ ដែលប្រៀបបានដូចកុមារ UCMAS ទាំងអស់គឺជាកុមារឆ្លាតវៃពោរពេញដោយសមត្ថភាពគ្រប់ៗគ្នា ។ សម្រាប់សិស្សចូលរួមប្រឡងកម្មវិធីនេះនឹងទទួលបានបទពិសោធន៍ថ្មីជាមួយការកម្មវិធីប្រឡងខ្នាតធំលំដាប់ស្តង់ដា ជាពិសេសក៏ទទួលបាននូវវិញ្ញាបនបត្រ១ផងដែរ។ ចំពោះសិស្សជ័យលាភីពីកម្មវិធីប្រឡងនឹងទទួលបានជា ពានរង្វាន់ មេដាយជាមួយនឹងទឹកប្រាក់ព្រមជានឹងការការឧបត្ថម្ភទៅចូលរួមប្រឡងក្នុងកម្មវិធី UCMAS World Cup និង UCMAS INTERNATIONAL COMPETITION 2024 ក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌានាថ្ងៃទី 14 និង 15 ខែធ្នូ ឆ្នាំ2024 ខាងមុខនេះ ៕
ដោយ ៖ ហេង សម្បត្តិ