ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីក​ហ្វូណន​​​តេជោ”

(ភ្នំពេញ)៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” នៅបរិវេណមុខខ្លោងទ្វារជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។

សម្រាប់«ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុង ការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច ពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើន​ផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។

គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្ត ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សូមបញ្ជាក់ថា ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner