កុលបុត្រខ្មែរជំនាន់ក្រោយ នឹងទទួលបានតំលៃអ្វីខ្លះពី ព្រែកជីកហ្វូណនតេជោ?
ភ្នំពេញ៖ ស្ថិតក្នុងទស្សនវិស័យជាយុទ្ធសាស្រ្ដដ៏ជ្រាលជ្រៅ និងវែងឆ្ងាយដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជាក្នុងការជីកមហាព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានជីកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ វេលាម៉ោង៩និង៩នាទីព្រឹក គឺជាព្រឹត្ដិការណ៍ដ៏អស្ចារ្យបំផុតនិងពោរពេញដោយក្ដីសប្បាយរីករាយសម្រាប់ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនេះ ក៏មានសំណួរជាច្រើនបានចោទសួរផងដែរថា តើមហាព្រែកជីកហ្វូណនតេជោ មានតម្លៃជាសកលលេចធ្លោដល់កុលបុត្រខ្មែរជំនាន់ក្រោយយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅលើផែនដីតេជោ សន្ដិភាព បើពោលអំពីមហាព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ វេលាម៉ោង៩និង៩នាទីព្រឹក ដែលជាផ្លូវទឹកថ្មីមួយទៅកាន់សមុទ្រមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃដៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ដោយរត់ឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល, តាកែវ ,កំពត និងខេត្តកែប ដ៏ធំសម្បើមនៅតំបន់ទំនាបភាគត្បូងនៃប្រទេសកម្ពុជា ដែលប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស មានសេចក្ដីរំភើបសប្បាយរីករាយ និងអបអរសាទរពោរពេញដោយក្ដីមោទនៈ។
នេះពិតជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា មហាព្រែកជីកហ្វូណនតេជោ គឺជាសំណង់ប្រព័ន្ធផ្លូវទឹកដ៏ធំសម្បើម និងវែងជាងគេលើពិភពលោកក្នុងសម័យឧស្សាហកម្មទំនើប បច្ចេកវិជ្ជាទំនើប ព្រោះត្រូវបានបង្កើតឡើង ជាគម្រោងវិស្វកម្មសំណង់ស៊ីវិលដ៏ធំបំផុតនៃប្រវត្ដិសាស្រ្ដកម្ពុជា។ ព្រែកជីកនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវវិបុលភាព និងស្ថិរភាពសេដ្ឋកិច្ច ជាមធ្យោបាយសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក បង្កើតជាឆ្អឹងខ្នងប្រព័ន្ធទំនាក់ទំនងពាណិជ្ជកម្មផ្លូវទឹក ដើម្បីផ្លាស់ប្ដូរទំនិញពីកម្ពុជា ទៅកាន់ពិភពលោក និងពីពិភពលោក មកកម្ពុជា។
បើពោលឲ្យចំ មហាព្រែកជីកហ្វូណនតេជោ គឺជាបណ្ដាញផ្លូវទឹកសិប្បនិម្មិតដែលបានឈានដល់ចំណុចកំពូលថ្មីមួយក្នុងស.វ.ទី២១នេះ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងសម្រួលដល់បណ្តាញនាវាដឹកជញ្ជូនទំនិញតាមផ្លូវទឹកប៉ុណ្ណោះទេ តែក៏ផ្ដល់ដល់បណ្តាញនាវាទេសចរយ៉ាងមមាញឹក ដ៏គួរឲ្យគយគន់លើផ្ទៃទឹកដ៏ស្រស់ស្អាត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ធានាដល់ស្ថិរភាព វិបុលភាព ដល់កម្ពុជាតរៀងទៅ។
លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះយើងអាចនិយាយបានថា មហាព្រែកជីកហ្វូណនតេជោ គឺជាប្រព័ន្ធផ្លូវទឹកសិប្បនិម្មិតពីទន្លេចូលមកសមុទ្រដែលអនុញ្ញាតឲ្យទូក នាវានិងកប៉ាល់ផ្លាស់ប្ដូរទីតាំងពីផ្ទៃទឹកមួយ ទៅផ្ទៃទឹកមួយទៀត ជាមធ្យោបាយដឹកជញ្ជូន ដោយបើកទ្វារពាណិជ្ជកម្មពីកម្ពុជាទៅកាន់ពិភពលោក ដោយផ្សារភ្ជាប់ទីតាំងភូមិសាស្រ្ដប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកពីចក្រភពខ្មែរបុរាណ បន្ដមកបច្ចុប្បន្នជាប្រវត្តិសាស្ត្រ។
នេះសឲ្យឃើញយ៉ាងច្បាស់ថា ក្នុងទស្សនវិស័យជាយុទ្ធសាស្រ្ដដ៏ជ្រាលជ្រៅ និងវែងឆ្ងាយដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា និងបន្ដមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មហាព្រែកជីកហ្វូណនតេជោ បានបង្ហាញពីនយោបាយគ្រប់គ្រងទឹក គឺជាអធិរាជសម្រាប់ការគ្រប់គ្រងដឹកជញ្ជូនចរាចរណ៍ផ្លូវទឹក និងឯកភាពនៃទឹកដីខ្មែរ។
ដូច្នេះស្ថិតក្នុងបរិយាកាសដែលប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស មានអំណរសាទរជាទីមោទនៈនេះ បើពោលចំពោះមហាព្រែកជីកហ្វូណនតេជោ មានតម្លៃជាសកលលេចធ្លោដល់កុលបុត្រខ្មែរជំនាន់ក្រោយក្នុងប្រវត្ដិសាស្រ្ដគឺ៖
ទី១៖ មហាព្រែកជីកហ្វូណនតេជោ តំណាងឲ្យស្នាដៃដ៏អស្ចារ្យបំផុតនៃវិស្វកម្មប្រព័ន្ធធារាសាស្ត្រសម័យឧស្សាហកម្មទំនើប បច្ចេកវិជ្ជាទំនើបនៅដើមស.វ.ទី២១ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ផ្តល់នូវភស្តុតាងជាក់ស្តែងនៃប្រាជ្ញា ការតាំងចិត្ត និងភាពក្លាហានដ៏ឆ្នើមនៃការច្នៃប្រឌិតរបស់ប្រជាជាតិខ្មែរ ក្រោមទស្សនវិស័យជាយុទ្ធសាស្រ្ដដ៏ជ្រាលជ្រៅ និងវែងឆ្ងាយដ៏ខ្ពង់ខ្ពស់បំផុតរបស់មហារដ្ឋបុរសខ្មែរសម័យទំនើប គឺសម្ដេចតេជោ និងបន្ដមកដល់សម្ដេចធិបតី បង្ហាញពីសមត្ថភាពបច្ចេកទេស និងជំនាញនៃនយោបាយគ្រប់គ្រងទឹកពីចក្រភពខ្មែរបុរាណ បន្ដមកបច្ចុប្បន្ន។
ទី២៖ មហាព្រែកជីកហ្វូណនតេជោ ធ្វើជាសាក្សីចំពោះប្រពៃណី វប្បធម៌ ប្រវត្ដិសាស្រ្ដនៃការរស់ទ្បើងវិញនៃមរតកសន្ដិភាព ក្រោមការរកឃើញរបស់មហារដ្ឋបុរសខ្មែរគឺសម្ដេចតេជោ និងបន្ដពូនជ្រុំថែរក្សាមកដល់សម្ដេចធិបតី បន្ទាប់ពីសន្ដិភាពបានរសាត់បាត់ពីកម្ពុជាអស់កាលប្រមាណ៥០០ឆ្នាំដ៏យូរលង់មកនេះ។ មហាព្រែកជីកហ្វូណនតេជោ បានបង្ហាញយ៉ាងពេញលេញនូវសមត្ថភាពបច្ចេកទេសនៃអរិយធម៌ ដ៏អស្ចារ្យនៃនយោបាយគ្រប់គ្រងទឹករបស់បុព្វបុរសខ្មែរនាសម័យចក្រភពខ្មែររស់ទ្បើងវិញ ។
ទី៣៖ មហាព្រែកជីកហ្វូណនតេជោ គឺជាប្រព័ន្ធផ្លូវទឹកសិប្បនិមិត្ដតែមួយគត់ នៃនយោបាយការគ្រប់គ្រងទឹកតាមរយៈប្រព័ន្ធបច្ចេកវិជ្ជាទំនើប និងការសម្របខ្លួនទៅនឹងស្ថានភាពភូមិសាស្រ្ដសម័យទំនើប នៅស.វ.ទី២១ ជាអធិរាជនៃការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ភោគផល កសិកម្មគ្រប់ប្រភេទរបស់ប្រជាជាតិខ្មែរ ដើម្បីឯករាជភាពជាមូលដ្ឋានដល់សេដ្ឋកិច្ច និងស្ថិរភាពសង្គម ដោយផ្សារភ្ជាប់ពីប្រព័ន្ធផ្លូវទឹកចក្រភពខ្មែរបុរាណ បន្ដមកដល់បច្ចុប្បន្ន។
ទី៤៖ មហាព្រែកជីកហ្វូណនតេជោ ធ្វើជាសាក្សីចំពោះចំណេះដឹងជាក់លាក់ក្នុងការសាងសង់ទំនប់ទឹក និងទ្វារបិទបើកទឹកប្រកបដោយភាពច្នៃប្រឌិត ក្នុងការអភិវឌ្ឍន៍នៃវិស្វកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាយក្រុងនៅតាមបណ្តោយផ្លូវព្រែកជីកហ្វូណនតេជោ គឺជាស្នូលនៃអរិយធម៌នយោបាយគ្រប់គ្រងទឹកដ៏អស្ចារ្យ ក្នុងតួនាទីការអភិវឌ្ឍបណ្តាញផ្លូវទឹក ក្នុងសម័យឧស្សាហកម្មទំនើប បច្ចេកវិជ្ជាទំនើប ដែលតភ្ជាប់ពីចក្រភពខ្មែរបុរាណ បន្ដមកដល់បច្ចុប្បន្ន។
ទី៥៖ មហាព្រែកជីកហ្វូណនតេជោ គឺជាសាក្សីស្មារតីនៃការរួបរួមជាតិ ស្រទ្បាញ់ជាតិ ដ៏ស្រស់បវររបស់ខ្លួន និងជាកន្លែងនៃការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ក្នុងថែរក្សារបៀបរស់នៅវប្បធម៌ជាក់លាក់សម្រាប់ប្រជាជនដែលរស់នៅតាមដងព្រែកជីក តាមកាលប្រវត្តិសាស្ត្រពីចក្រភពខ្មែរបុរាណ បន្ដមកដល់បច្ចុប្បន្ន។
ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ដោយឈរលើមហាព្រែកជីកហ្វូណនតេជោ មានតម្លៃជាសកលលេចធ្លោទាំងនេះ គឺជាកត្ដារួមចំណែកក្នុងការយល់ដឹង ស្វែងយល់ពីភាពដ៏អស្ចារ្យនូវតម្លៃអចលនទ្រព្យ ជាអំណាចទន់ និងជាទីបន្ទាល់ផ្ដល់នូវលក្ខខណ្ឌនៃសុចរិតភាពនៃប្រវត្ដិសាស្រ្ដ ។ ដូច្នេះមហាព្រែកជីកហ្វូណនតេជោ ក្លាយជាទេសភាពទីក្រុង ឬជាយក្រុងដ៏ស្រស់បំព្រងរំលេចពីទស្សនវិស័យនៃប្រវត្តិសាស្ត្រក្នុងការតស៊ូ អត់ធ្មត់ និងភាពក្លាហានមោះមុតប្រកបដោយបញ្ញាញណរបស់កម្ពុជា ក្លាយជាទស្សនវិជ្ជាបានចោទជាទ្រឹស្ដីជាប់ក្នុងក្រអៅបេះដូងរបស់កុលបុត្រខ្មែរ គ្រប់ៗជំនាន់ក្នុងស្មារតីស្រទ្បាញ់ជាតិ និងការគោរពដឹងគុណដល់បុព្វបុរសខ្លួនយ៉ាងពិតៗថា តើសម័យកាលប្រវត្តិសាស្ត្រណាមួយត្រូវបានតំណាងមហាព្រែកហ្វូណនតេជោ និងបរិស្ថាន ទេសភាពដ៏ស្រស់ត្រកាល៕