កូរ៉េខាងជើងផ្ទេរគ្រាប់មីស៊ីល ទៅកាន់ព្រំដែន
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង បានចេញផ្សាយ នៅថ្ងៃចន្ទនេះថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបញ្ជូនកាំជ្រួចមីស៊ីលផ្លោង ចំនួន២៥០គ្រាប់ ទៅកាន់អង្គភាពជួរមុខ នៅតាមបណ្តោយព្រំដែន ភាគខាងត្បូង ដោយហៅអាវុធទាំងនេះថា ជា «ដាវដ៏មានតម្លៃ» ដើម្បីការពារអធិបតេយ្យភាព។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ ដោយបានដកស្រង់សម្តី លោក គីម មេដឹកនាំកូរ៉េខាងជើង ដែលបានលើកឡើងថា «ជាអាវុធយុទ្ធសាស្ត្រសម័យថ្មី ដែលត្រូវបានរចនា ដោយខ្លួនឯង»។ លោក Kim បាននិយាយថា ជាការបង្ហាញសព្វាវុធថ្មី ក្នុងពេលដែលកូរ៉េខាងជើងងើបឡើងវិញ ពីការខូចខាត ដោយសារទឹកជំនន់។
លោកបញ្ជាក់ថា «នេះគឺជាការបង្ហាញពីឆន្ទៈដ៏រឹងមាំរបស់គណបក្សរបស់យើង ក្នុងការជំរុញទៅមុខជាមួយនឹងការពង្រឹងសមត្ថភាព ការពារជាតិ»។
ទំនាក់ទំនង រវាងកូរ៉េទាំងពីរ គឺស្ថិតនៅចំណុចទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងនោះ កូរ៉េខាងជើងបានបង្កើនការសាកល្បងអាវុធ ជាបន្តបន្ទាប់ ខណៈកូរ៉េខាងត្បូងធ្វើសមយុទ្ធ ជាមួយសម្ពន្ធមិត្ត ដូចជាអាមេរិក និងជប៉ុន ជាដើម។ នៅឆ្នាំនេះ ទីក្រុងព្យុងយ៉ាងបានប្រកាសថា កូរ៉េខាងត្បូងជា «សត្រូវចម្បង» របស់ខ្លួន និងគំរាមកំហែងដល់សង្រ្គាមទៀតផង បើហ៊ានរំលោភទឹកដី សូម្បីតែ ០.០០១ មម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត