ស្ថានីយ​ទូរទស្សន៍​អប្សរា ​វិល​ចូល​វិស័យ​ប្រដាល់​វិញ​ហើយ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​កម្មវិធី​ថ្នាល​ KKIF

ភ្នំពេញ៖ ស្ថានីយ​ទូរទស្សន៍​អប្សរា​ មេឌា សឺវីស​ (AMS)​ ដែល​ជា​ទូរទស្សន៍​ដ៏​ល្បី​ក្នុង​ការ​ផ្សព្វផ្សាយ​ប្រដាល់​គុន​ខ្មែរ​ពី​មុន ​ឥលូវ​នេះ​បាន​វិល​ចូល​ក្នុង​វិស័យ​ប្រដាល់​នេះ​ជា​ថ្មី​ហើយ​តាម​រយៈ​ការ​ចាប់​ដៃគូ​ជា​មួយ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ (KKIF)​ ជួយ​លើកស្ទួយ​ថ្នាល​គុន​ខ្មែរ។​

ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ (MOU) កាល​ពី​ថ្ងៃ​ទី៤​ ខែ​សីហា​ ឆ្នាំ​២០២៤​ លោក​ លឹម​ ឃុនស្រ៊ន​ អគ្គនាយក​ក្រុមហ៊ុន​ អប្សរា​ ពិត​ជា​មាន​មោទកភាព​ និង​ភាព​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចាប់​ដៃគូ​ជា​យុទ្ធសាស្ត្រ​ជា​មួយ​ក្លឹប​ប្រដាល់​ KKIF។​

បន្ថែម​ពី​នេះ​ទូរទស្សន៍​អប្សរា​ និង​ ហ្វេសបុក​ផេក​ AMS Sport នឹង​ជួយ​ផ្សាយ​​លើ​កម្មវិធី​ប្រកួត​ចំនួន​ពីរ​ គឺ​កម្មវិធី​អាណាចក្រ​ថ្នាល​គុន​ខ្មែរ​ និង​កម្មវិធី​តេជះគុន​ខ្មែរ ​ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត។​ ជា​មួយ​គ្នា​នោះ​ដែរ​នឹង​បង្កើត​មាតិកា​ជា​ច្រើន​ទៀត​ទាំង​ការ​ហ្វឹកហាត់​ ការ​ប្រកួត​នានា​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ផុលផុស​មិន​ថា​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​នោះ​ទេ។​ ទូរទស្សន៍​អប្សរា​ នឹង​រួមចំណែក​អភិវឌ្ឍន៍​ថ្នាល​គុន​ខ្មែរ​ជា​មួយ​ក្លឹប​ប្រដាល់​ KKIF​ ឲ្យ​ក្បាច់គុន​មួយ​នេះ​កាន់តែ​រីកចម្រើន​លើ​ឆាក​អន្តរជាតិ​ និង​សំបូរ​ទៅ​ដោយ​ធនធាន​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​រួម​គ្នា​ចាប់​ពី​ពេល​នេះ​តទៅ។​

ចំណែក​លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ ប្រធាន​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ KKIF​ បាន​លើក​ឡើង​ថា​ ជា​យូរ​ណាស់​មក​ហើយ​ដែរ​ដែល​លោក​ និង​ក្រុម​ការងារ​ក្លឹប​បាន​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ប្រដាល់​គុន​ខ្មែរ​ និង​ថ្នាល​គុន​ខ្មែរ ​ទៅ​កាន់​ពិភពលោក​ដោយ​ពេល​ខ្លះ​ត្រូវ​ចំណាយ​នូវ​ថវិកា​ផ្ទាល់​ខ្លួន​ជា​ច្រើន។​ ឥលូវ​នេះ​លោក​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​សហការ​ជា​មួយ​ទូរទស្សន៍​ អប្សរា​ ដើម្បី​រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​កេរមរតក​ក្បាច់​គុន​មួយ​នេះ​បន្ថែម​ទៀត។​ លោក​ឧកញ៉ា​ថ្លែងអំណរគុណ​ដល់​សមាជិក​ភាគី​ទាំង​ពីរ​ដែល​ខិតខំ​ទំនាក់ទំនង​ និង​ធ្វើ​ការ​ជា​មួយ​គ្នា​រហូត​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​ចុះ​ MOU នេះ​ឡើង​ដោយ​ភាព​រីករាយ។​

បញ្ជាក់​ដែរ​ថា​ ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ (MOU)​ រវាង​ទូរទស្សន៍​អប្សរា​ (AMS)​ និង​ក្លឹប​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ (KKIF)​ នេះ​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី៤​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​ផ្សារ​ជីបម៉ុង​ ២៧១។​ ការ​អញ្ជើញ​ចូលរួម​មាន​លោក​ លឹម​ ឃុនស្រ៊ន​ និង​ក្រុម​ការងារ​ទូរទស្សន៍​អប្សរា​ ជា​មួយ​ភាគី​ខាង​ក្លឹប​ប្រដាល់​ KKIF ​ដឹកនាំ​ដោយ​លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ និង​លោក​ ម៉ិល កាដូ​ តំណាង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner