រដ្ឋមន្រ្តីការពារជាតិជប៉ុន កោតសរសើរចំពោះជំហររបស់កម្ពុជា ដែលបានបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្សីមកលើប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) បានគោរពកោតសរសើរចំពោះជំហររបស់កម្ពុជា ដែលបានបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្សីមកលើប្រទេសអ៊ុយក្រែន នៅឆ្នាំ២០២២ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ដែលគំរាមកំហែងមិនមែនតែក្នុងតំបន់អឺរ៉ុបនោះទេ ក៏ប៉ុន្តែនៅក្នុងតំបន់អាស៊ីផងដែរ។ ការកោតសរសើរនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០២៤។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីនាឱកាសនេះ គឺស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេទៅសមុទ្រ ហើយនិងចំថ្ងៃខួបកំណើតរបស់សម្តេចផងដែរ។ សម្តេចតេជោ ជឿជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីក និងផ្តល់សន្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការល្អប្រសើរដែលមានស្រាប់លើវិស័យការពារជាតិរវាងប្រទេសទាំង២ និងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុនកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តម គីហារ៉ា មីណូរឹ បានបង្ហាញនូវសេចក្តីរំភើបរីករាយ ដែលនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងតួនាទីជារដ្ឋមន្រ្តីការពារជាតិជប៉ុននាពេលនេះ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចតេជោ បានចំណាយពេលវេលាដ៏មានតម្លៃក្នុងថ្ងៃពិសេសនេះ ដើម្បីទទួលជួបឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តម បានគោរពជូនពរសម្តេចតេជោ ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច និងចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា នាពេលខាងមុខ។ ឯកឧត្តម សូមយកឱកាសនេះចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារអាកាសយានិកកម្ពុជាទាំងពីររូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីពាក់កណ្តាកលខែកក្កដាកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ និងស្វាគមន៍កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនលើកទី៧០ កាលឆ្នាំ២០២៣កន្លងមក។ ឯកឧត្តម ជឿជាក់ថាតាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន លើគ្រប់វិស័យ និងជាពិសេសកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ នឹងត្រូវបានជំរុញកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានជម្រាបសម្តេចតេជោ អំពីស្ថានភាពនយោបាយការបរទេសជប៉ុន និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់ និងការគំរាមកំហែងសន្តិសុខជាតិរបស់ជប៉ុនផង តំបន់ និងពិភពលោកជារួមផង។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន ចំពោះពាក្យពេចន៍ជូនពរខួបកំណើតរបស់សម្តេច និងការអបអរសាទរចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោរបស់ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងសមានចិត្តចូលរួមរំលែកមរណទុក្ខដល់ការបាត់បង់អាយុជីវិតអាកាសយានិកទាំងពីររូប​ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនាពេលកន្លងមក។ សម្តេចតេជោ បានបន្តថា ទំនាក់ទំនងកម្ពុជា និងជប៉ុន មិនមានប្រែប្រួលឡើយ តាំងពីអតីតកាលរហូតបច្ចុប្បន្ន ជាពិសេសតាំងពីដំណាក់កាលដែលសម្តេចតេជោ ធ្វើការជាមួយនាយករដ្ឋមន្រ្តីជប៉ុនបន្តបន្ទាប់ ទាំងឯកឧត្តម អាបេ ស៊ីនហ្សូ និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ រហូតដល់ដំណាក់កាលបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រីថ្មី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តទំនាក់ទំនងកម្ពុជា-ជប៉ុន ជាមួយនាយករដ្ឋមន្រ្តី គី ស៊ីដា ដូចមុនដដែល៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner