សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគឺជាប្រទេសទី១ ដែលផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់របស់ជប៉ុន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ជប៉ុនបានដើរតួនាទីយ៉ាងធំក្នុងការអភិវឌ្ឍកម្ពុជា។ កម្ពុជាគឺជាប្រទេសទី១ ដែលផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់របស់ជប៉ុន។ សម្តេចក៏បានថ្លែងអំណរជប៉ុនសម្រាប់ការផ្តល់កិច្ចសហការលើការហ្វឹកហាត់អ្នកដោះមីនអ៊ុយក្រែននៅកម្ពុជា ហើយនឹងស្នើបន្តការគាំទ្រនេះ មិនសម្រាប់តែអ្នកដោះមីនអ៊ុយក្រែនប៉ុណ្ណោះទេ ក៏ប៉ុន្តែដល់ប្រទេសដែលរងគ្រោះដោយសារមីនដទៃទៀតផងដែរ។ ការបញ្ជាក់របស់សម្តេចតេជោ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

សម្តេចតេជោបានបន្តថា នយោបាយសន្តិភាពរបស់ជប៉ុនគ្រប់ដំណាក់កាល ត្រូវទទួលបានការអបអរសាទរយ៉ាងច្រើនពីប្រទេសនានា។ សម្តេចសង្ឃឹមថា ក្នុងវិស័យការពារជាតិ ជប៉ុននឹងបន្តដើរតួសំខាន់ៗនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព ដោយសារជប៉ុនបានចាប់ផ្តើមបញ្ជូនកងកម្លាំងមួកខៀវដំបូងគេបង្អស់មកកម្ពុជា។ សម្តេចសូមថ្លែងអរគុណចំពោះជំនួយដ៏ច្រើនលើសលុបរបស់ជប៉ុនដល់កម្ពុជា។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុនថា ពិភពលោកមិនអាចទស្សន៍ទាយ ឬយល់ច្បាស់ពីនយោបាយអន្តរជាតិរបស់កម្ពុជានោះឡើយលើបញ្ហាអ៊ុយក្រែន ដោយសារតែពួកគេគិតថា កម្ពុជានឹងមិនគាំទ្រអ៊ុយក្រែន។ កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬ ការគំរាមប្រើប្រាស់កម្លាំង ដែលជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ពិភពលោក។ កម្ពុជាតែងអនុវត្តគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់។ ដូច្នេះ សូមកុំភ្ជាប់កម្ពុជា ទៅក្នុងបញ្ជីនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ឬភ្ជាប់កម្ពុជាទៅជាមួយប្រទេសណាមួយឡើយ។

ពាក់ព័ន្ធនឹងការសាងសង់ព្រែកជីកហ្វូណនតេជោ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាត្រូវម្ចាស់ការលើខ្លួនឯង ដោយមិនអង្គុយរង់ចាំជំនួយនោះទេ។ សម្តេចតេជោ បានស្វាគមន៍ការចូលរួមវិនិយោគ និងសហការពីរាល់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ ដែលជាកិច្ចសហការចម្រុះ មិនមានការផ្តាច់មុខនោះទេ។ ព្រែកជីកហ្វូណនតេជោនេះ នឹងក្លាយជាផ្លូវទឹកចម្បងដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញតាមទន្លេពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ទៅកាន់សមុទ្រ ជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា។ ព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមចំណែកដល់ការពង្រឹងតួនាទីរបស់កំពង់ផែស្វយ័ត្ខេត្តព្រះសីហនុ ដែលកំពុងត្រូវបានពង្រីកជាមួយនឹងជំនួយហិរញ្ញប្បទានរបស់ជប៉ុន។

ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដល់វិស័យឯកជនរបស់ជប៉ុន ដែលមានបំណងចង់ចូលរួមវិនិយោគដល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ។ ឯកឧត្តម ជម្រាបសម្តេចតេជោ បន្ថែមថា នៅក្នុងគំនិតឯកឧត្តម ជប៉ុននឹងមិនគិតត្រឹមតែចូលរួមសហការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោនេះប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និង ឡូជីស្ទីកសំខាន់ៗបន្ថែមទៀត ដោយសារប្រទេសជប៉ុន មានបទពិសោធន៍ច្រើនក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងអំណរគុណសម្តេចតេជោ សាជាថ្មី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូរបស់ឯកឧត្តម ចូលជួបសម្តែងការគួរសម និងបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយខ្លឹមសារ និងទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានបញ្ជាក់ថា ជប៉ុន និងកម្ពុជា មានទំនាក់ទំនងមិត្តភាព និងជឿទុកចិត្តគ្នាទៅវិញទៅមកអស់រយៈពេលយូរណាស់មក។ ឯកឧត្តមជឿជាក់ថា ទំនាក់ទំនងនេះនឹងកាន់តែរីកចម្រើន ជិតស្និទ្ធ និងស៊ីជម្រៅ ដែលផ្តល់ជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner