ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងអញ្ជើញ​បំពេញ​បេសក​កម្មនៅប្រទេសប្រ៊ុយណេដារូស្សាឡាម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ​​ នឹងអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង​មុខងារ​សាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ច​ប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (22nd ASEAN Cooperation on Civil Service Matters – ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ ស្តីពីមុខងារសាធារណៈ លើកទី៧ (7th ACCSM+3) ក្រោមមូលបទ «ការពង្រឹងវិស័យមុខងារសាធារណៈអាស៊ាន៖ ត្រៀមខ្លួនសម្រាប់អនាគត» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម។

ក្នុងអំឡុងបេសកកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងវេទិកាសំខាន់ៗ រួមទាំង អញ្ជើញផ្តល់សុន្ទរកថាក្នុងពិធីផ្ទេរតំណែងជាប្រធាន ACCSM ប្តូរវេន សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ និងការត្រៀមរៀបចំកិច្ចប្រជុំ ACCSM និង ACCSM+3 ស្របពេលដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ។

គួររម្លឹកថា កិច្ចសហប្រតិបត្តិការវិស័យមុខងារសាធារណៈ ក្នុងចំណោមប្រទេសអាស៊ាន បានចាប់ផ្តើម ក្នុងឆ្នាំ១៩៨០ ក្នុងនាមជាសន្និសីទអាស៊ានស្តីពីកំណែទម្រង់មុខងារសាធារណៈ (ACRCS)។ បន្ទាប់មក សន្និសីទអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨១ ហើយបាន បញ្ចូលរដ្ឋជាសមាជិកអាស៊ានទាំង១០ នៅក្នុងឆ្នាំ១៩៩៩។ រហូតមកដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ «សន្និសីទអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ» ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «កិច្ចប្រជុំសហប្រតិបត្តិការ អាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ» ដើម្បីឆ្លុះបញ្ចាំងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាង រដ្ឋសមាជិកអាស៊ានទាំងអស់៕
ដោយ៖ពលជ័យ

ads banner