លោក ហ្សេលេនស្គី ថា អ៊ុយក្រែនទើបទទួលបានយន្តហោះ F-16 កញ្ចប់ដំបូង
គៀវ: មេដឹកនាំអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនទើបបានទទួលយន្តហោះចម្បាំង F-16 កញ្ចប់ដំបូង ដែលផលិតដោយសហរដ្ឋអាមេរិក និងថា ប្រទេសលោកត្រូវការបន្ថែមទៀត ដើម្បីវាយបកលើកងកម្លាំងរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា យើងតែងតែឮពាក្យថា “មិនអាចទៅរួច” តែឥឡូវនេះ វាបានក្លាយជាការពិតហើយ គឺយន្តហោះចម្បាំង F-16 កំពុងស្ថិតនៅអ៊ុយក្រែន… យើងបានធ្វើឱ្យវាកើតឡើង។
លោក ហ្សេលេនស្គី បន្ថែមថា ខ្ញុំមានមោទនភាពណាស់ ចំពោះកងទ័ពរបស់យើង ដែលចេះស្ទាត់ជំនាញ ក្នុងការបើកយន្តហោះទាំងនេះ ហើយបានចាប់ផ្តើមប្រើប្រាស់វា ដើម្បីការពារប្រទេសរបស់យើងរួចហើយ។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា ដៃគូរបស់យើងដឹងថា ចំនួនយន្តហោះ F-16 ដែលយើងមាននៅក្នុងប្រទេសអ៊ុយក្រែន និងចំនួនអ្នកបើកយន្តហោះ ដែលត្រូវបានបណ្តុះបណ្តាលរួចហើយ គឺមិនគ្រប់គ្រាន់ទេ។ ដំណឹង ល្អ គឺ ថា យើង រំពឹង ថា នឹងមាន យន្តហោះ F-16 បញ្ជូនមកជាបន្តបន្ទាប់បន្ថែម ទៀត ។
ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយកាសែតបារាំង AFP កាលពីខែឧសភា លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនត្រូវការយន្តហោះ F-16 ប្រហែល ១៣០គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ ដៃគូរបស់អ៊ុយក្រែនបានសន្យាថា នឹងបញ្ជូនយន្តហោះ F-16 ជាង ១០០គ្រឿង ដោយភាគច្រើនទំនងជានឹងមកដល់ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត បន្ទាប់ពីការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាច្រើន។
ការប្រកាសនេះកើតឡើងនៅពេលដែលកងកម្លាំងអ៊ុយក្រែនកំពុងតស៊ូ ដើម្បីទប់ស្កាត់ការវាយលុកដ៏លឿនរបស់ទាហានរុស្ស៊ីក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ហើយអ៊ុយក្រែនសង្ឃឹមថា ការមកដល់នៃយន្តហោះចម្បាំងនេះ នឹងអាចឱ្យអ៊ុយក្រែនការពារខ្លួនបានប្រសើរជាងមុន ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា