រដ្ឋមន្រ្តីការពារជាតិ ៖ ជប៉ុន នឹងជួយកម្ពុជា លើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗបន្ថែមទៀត
(ភ្នំពេញ)៖ ជប៉ុន នឹងជួយកម្ពុជា លើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗបន្ថែមទៀត ដោយសារប្រទេសជប៉ុន មានបទពិសោធន៍ច្រើនក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងថា ទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីនាឱកាសនេះ គឺស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេទៅសមុទ្រ ហើយនិងចំថ្ងៃខួបកំណើតរបស់សម្តេចផងដែរ។
សម្តេចតេជោ ជឿជាក់ថា ទស្សនកិច្ចរបស់ ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីក និងផ្តល់សន្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការល្អប្រសើរដែលមានស្រាប់លើវិស័យការពារជាតិរវាងប្រទេសទាំង២ និងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុនកាន់តែស៊ីជម្រៅបន្ថែមទៀត ។
ឯកឧត្តម គីហារ៉ា មីណូរឹ បង្ហាញក្តីរីករាយដែលទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់កម្ពុជា ក្នុងតួនាទីជារដ្ឋមន្រ្តីការពារជាតិជប៉ុននាពេលនេះ ដោយវាយតម្លៃខ្ពស់ និងស្វាគមន៍កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនលើកទី៧០ កាលឆ្នាំ២០២៣កន្លងមក។ ឯកឧត្តម ជឿជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន លើគ្រប់វិស័យ និងជាពិសេសកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ នឹងត្រូវបានជំរុញកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានជម្រាបសម្តេចតេជោ អំពីស្ថានភាពនយោបាយការបរទេសជប៉ុន បញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់ និងការគំរាមកំហែងសន្តិសុខជាតិរបស់ជប៉ុនផង តំបន់ និងពិភពលោកជារួមផង។ ពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិនេះ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានគោរពកោតសរសើរចំពោះជំហររបស់កម្ពុជា ដែលបានបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្សីមកលើប្រទេសអ៊ុយក្រែន នៅឆ្នាំ២០២២ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ដែលគំរាមកំហែងមិនមែនតែក្នុងតំបន់អឺរ៉ុបនោះទេ ក៏ប៉ុន្តែនៅក្នុងតំបន់អាស៊ីផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងជប៉ុន មិនមានប្រែប្រួលឡើយ តាំងពីអតីតកាលរហូតបច្ចុប្បន្ន ជាពិសេស តាំងពីដំណាក់កាលដែលសម្តេចតេជោ ធ្វើការជាមួយនាយករដ្ឋមន្រ្តីជប៉ុនបន្តបន្ទាប់ ទាំងឯកឧត្តម អាបេ ស៊ីនហ្សូ និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ រហូតដល់ដំណាក់កាលបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រីថ្មី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តទំនាក់ទំនងកម្ពុជា-ជប៉ុន ជាមួយនាយករដ្ឋមន្រ្តី គី ស៊ីដា ដូចមុនដដែល។
សម្តេចតេជោ បញ្ជាក់ថា នយោបាយសន្តិភាពរបស់ជប៉ុនគ្រប់ដំណាក់កាល ត្រូវទទួលបានការអបអរសាទរយ៉ាងច្រើនពីប្រទេសនានា។ សម្តេច សង្ឃឹមថា ក្នុងវិស័យការពារជាតិ ជប៉ុននឹងបន្តដើរតួសំខាន់ៗនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព ដោយសារជប៉ុនបានចាប់ផ្តើមបញ្ជូនកងកម្លាំងមួកខៀវដំបូងគេបង្អស់មកកម្ពុជា។ សម្តេច សូមថ្លែងអរគុណ ចំពោះជំនួយដ៏ច្រើនលើសលុបរបស់ជប៉ុនដល់កម្ពុជា។ ជប៉ុន បានដើរតួនាទីយ៉ាងធំក្នុងការអភិវឌ្ឍកម្ពុជា។ កម្ពុជាគឺជាប្រទេសទី១ ដែលផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និង បើកចំហរបស់របស់ជប៉ុន។ សម្តេច ក៏បានថ្លែងអំណរជប៉ុនសម្រាប់ការផ្តល់កិច្ចសហការលើការហ្វឹកហាត់អ្នកដោះមីនអ៊ុយក្រែននៅកម្ពុជា ហើយនឹងស្នើបន្តការគាំទ្រនេះ មិនសម្រាប់តែអ្នកដោះមីនអ៊ុយក្រែនប៉ុណ្ណោះទេ ក៏ប៉ុន្តែដល់ប្រទេសដែលរងគ្រោះដោយសារមីនដទៃទៀតផងដែរ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុនថា ពិភពលោកមិនអាចទស្សន៍ទាយ ឬយល់ច្បាស់ពីនយោបាយអន្តរជាតិរបស់កម្ពុជានោះឡើយលើបញ្ហាអ៊ុយក្រែន ដោយសារតែពួកគេគិតថា កម្ពុជា នឹងមិនគាំទ្រអ៊ុយក្រែន។ កម្ពុជា មិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬ ការគំរាមប្រើប្រាស់កម្លាំង ដែលជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ពិភពលោក។ កម្ពុជាតែងអនុវត្តគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់។ ដូច្នេះ សូមកុំភ្ជាប់កម្ពុជា ទៅក្នុងបញ្ជីនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ឬភ្ជាប់កម្ពុជាទៅជាមួយប្រទេសណាមួយឡើយ។
ពាក់ព័ន្ធនឹងការសាងសង់ព្រែកជីកហ្វូណនតេជោ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាត្រូវម្ចាស់ការលើខ្លួនឯង ដោយមិនអង្គុយរង់ចាំជំនួយនោះទេ។ សម្តេចតេជោ បានស្វាគមន៍ការចូលរួមវិនិយោគ និងសហការពីរាល់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ ដែលជាកិច្ចសហការចម្រុះ មិនមានការផ្តាច់មុខនោះទេ។ ព្រែកជីកហ្វូណនតេជោនេះ នឹងក្លាយជាផ្លូវទឹកចម្បងដ៏សំខាន់របស់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញតាមទន្លេពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ទៅកាន់សមុទ្រ ជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា។ ព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមចំណែកដល់ការពង្រឹងតួនាទីរបស់កំពង់ផែស្វយ័ត្ខេត្តព្រះសីហនុ ដែលកំពុងត្រូវបានពង្រីកជាមួយនឹងជំនួយហិរញ្ញប្បទានរបស់ជប៉ុន ។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បញ្ជាក់ថា នៅក្នុងគំនិតឯកឧត្តម ជប៉ុននឹងមិនគិតត្រឹមតែចូលរួមសហការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោនេះប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗបន្ថែមទៀត ដោយសារប្រទេសជប៉ុន មានបទពិសោធន៍ច្រើនក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ។សម្តេចតេជោ សូមផ្តាំផ្ញើការសួរសុខទុក្ខ និងនឹករលឹក តាមរយៈឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះឯកឧត្តម នាយករដ្ឋមន្រ្តី គីស៊ីដា ហ្វឹមីអូ និងឯកឧត្តមប្រធានព្រឹទ្ធសភា អូតសូជិ ហ៊ិដេហ៊ិសា(OTSUJI Hidehisa) ព្រមទាំងឯកឧត្តមប្រធានរដ្ឋសភា នុកាហ្គា ហ្វុគុស៊ីរ៉ូ (NUKAGA Fukushiro) និងបានជូនពរឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន និងគណៈប្រតិភូ ទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កាសម្រាប់ជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិកម្ពុជា និងសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ ៕ អត្ថបទ ៖ វណ្ណលុក រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ