អង្គការសុខភាពពិភពលោកនឹងបើកកិច្ចប្រជុំបន្ទាន់ ឆ្លើយតបជំងឺអុតស្វា
ហ្សឺណែវ: ប្រធានអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអាទិត្យថាលោកនឹងកោះប្រជុំគណៈកម្មាធិការអ្នកជំនាញ ដើម្បីផ្តល់យោបល់ថាតើការរីករាលដាលនៃមេរោគអុតស្វា ឬ mpox ដែលកំពុងកើនឡើងនៅក្នុងទ្វីបអាហ្រ្វិក ថាតើគួរតែប្រកាសជាគ្រាអាសន្នអន្តរជាតិដែរឬទេ។
អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៅទ្វីបអាហ្រ្វិក ក្នុងចំណោមទីភ្នាក់ងារដទៃទៀត កំពុងបង្កើនការឆ្លើយតបរបស់ពួកគេចំពោះការផ្ទុះឡើងនៃជំងឺអុតស្វា។
លោក ថេដ្រូស បានបង្ហោះសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ដោយសារតែភាពធ្ងន់ធ្ងរនៃមេរោគអុតស្វា ដែលកំពុងរីករាលដាលទៅកាន់ប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក ដូច្នេះ WHO, Africa CDC, រដ្ឋាភិបាលក្នុងតំបន់ និងដៃគូ កំពុងបង្កើនការឆ្លើយតប ក៏ដូចជាចាត់វិធានការទប់ស្កាត់។ ប៉ុន្តែការផ្តល់មូលនិធិ និងការគាំទ្របន្ថែមទៀត សម្រាប់ការឆ្លើយតបដ៏ទូលំទូលាយ គឺត្រូវការជាចាំបាច់។
លោក ថេដ្រូស បាននិយាយយ៉ាងដូច្នេះថា ខ្ញុំកំពុងពិចារណារៀបចំកិច្ចប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់នៃបទប្បញ្ញត្តិសុខភាពអន្តរជាតិ ដើម្បីផ្តល់យោបល់ឱ្យខ្ញុំថាតើការផ្ទុះឡើងនៃមេរោគអុតស្វា ឬ mpox គួរតែប្រកាសជាគ្រាអាសន្នសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិដែរឬទេ។
PHEIC គឺជាសំឡេងរោទិ៍ខ្ពស់បំផុតដែល WHO អាចបន្លឺឡើង។ Tedros ក្នុងនាមជាអគ្គនាយក WHO អាចប្រកាសអាសន្នបែបនេះ តាមការណែនាំរបស់គណៈកម្មាធិការ។ រីឯបទប្បញ្ញត្តិសុខភាពអន្តរជាតិ គឺជាក្របខ័ណ្ឌច្បាប់សម្រាប់ឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ។
មេរោគអុតស្វា គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស ដែលអាចចម្លងទៅមនុស្សពីសត្វដែលមានមេរោគ និងឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការទំនាក់ទំនងជិតស្និទ្ធរវាងរូបរាងកាយ។ Mpox ត្រូវបានគេរកឃើញដំបូងនៅក្នុងខ្លួនមនុស្សក្នុងឆ្នាំ ១៩៧០ នៅប្រទេសកុងហ្គោ។ ហើយការផ្ទុះជំងឺ mpox ជាសកលកាលពីពីរឆ្នាំមុន បាននាំឱ្យ WHO ប្រកាស PHEIC ដែលមានរយៈពេលពីខែកក្កដា ឆ្នាំ ២០២២ ដល់ខែឧសភា ឆ្នាំ ២០២៣៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា