សម្តេចតេជោ ហ៊ុន សែន៖ ការសាងសង់ព្រែកជីកហ្វូណនតេជោ កម្ពុជាត្រូវម្ចាស់ការលើខ្លួនឯង ដោយមិនអង្គុយរង់ចាំជំនួយនោះទេ
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការសាងសង់ព្រែកជីកហ្វូណនតេជោ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាត្រូវម្ចាស់ការលើខ្លួនឯង ដោយមិនអង្គុយរង់ចាំជំនួយនោះទេ។ សម្តេចតេជោបានស្វាគមន៍ការចូលរួមវិនិយោគ និងសហការពីរាល់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ ដែលជាកិច្ចសហការចម្រុះ មិនមានការផ្តាច់មុខនោះទេ។
ការបញ្ជាក់របស់សម្តេចតេជោ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចតេជោបានបញ្ជាក់ទៀតថា ព្រែកជីកហ្វូណនតេជោនេះ នឹងក្លាយជាផ្លូវទឹកចម្បងដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញតាមទន្លេពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ទៅកាន់សមុទ្រ ជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា។ ព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមចំណែកដល់ការពង្រឹងតួនាទីរបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលកំពុងត្រូវបានពង្រីកជាមួយនឹងជំនួយហិរញ្ញប្បទានរបស់ជប៉ុន។
ចំណែកឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដល់វិស័យឯកជនរបស់ជប៉ុន ដែលមានបំណងចង់ចូលរួមវិនិយោគដល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ។ ឯកឧត្តមជម្រាបសម្តេចតេជោបន្ថែមថា នៅក្នុងគំនិតឯកឧត្តម ជប៉ុននឹងមិនគិតត្រឹមតែចូលរួមសហការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោនេះប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និង ឡូជីស្ទីកសំខាន់ៗបន្ថែមទៀត ដោយសារប្រទេសជប៉ុន មានបទពិសោធន៍ច្រើនក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងអំណរគុណសម្តេចតេជោ សាជាថ្មី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូរបស់ឯកឧត្តម ចូលជួបសម្តែងការគួរសម និងបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយខ្លឹមសារ និងទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានបញ្ជាក់ថា ជប៉ុន និងកម្ពុជា មានទំនាក់ទំនងមិត្តភាព និងជឿទុកចិត្តគ្នាទៅវិញទៅមកអស់រយៈពេលយូរណាស់មក។ ឯកឧត្តមជឿជាក់ថា ទំនាក់ទំនងនេះនឹងកាន់តែរីកចម្រើន ជិតស្និទ្ធ និងស៊ីជម្រៅ ដែលផ្តល់ជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា