តំបន់ទេសចរណ៍ពាមក្រសោបទឹកដីសម្បូរសក្តានុទេសចរណ៍ក្នុងទឹកដីខេត្តកោះកុង
(ភ្នំពេញ)៖បើគេនិយាយទៅដល់ ទឹកដី នៃ ខេត្ត កោះកុង នោះ អ្នកទេសចរ ប្រុស ស្រី តែងនឹកទៅដល់ទីកម្សាន្តនៃ តំបន់ពាមក្រសោបមួយស្ថិតក្នុងដួងចិត្ត និងខ្លះថែមទាំងសន្សំក្នុងចិត្តចង់ទៅកាន់ទីនោះដើម្បីកម្សាន្តសប្បាយជួបជុំមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្លួនទៀតផង។
នៅទីកន្លែងនេះក្រៅអំពីទេសភាព នៃ តំបន់ទឹកដីសមុទ្រដ៏ស្អាតអស្ចារ្យហើយ នៅសម្បូរអាហារបែបសមុទ្ររង់ចាំឱ្យបរិភោគច្រើនមុខណាស់ក្នុងនោះរាប់ទាំងគ្រំចំពុះទា ក្តាមថ្ម ក្តាមផ្គរលាន់ ក្តាមសេះ បង្គា មឹក និងម្ហូបសមុទ្រជាច្រើនទៀតកំពុងរង់ចាំគ្រប់ពេលវេលា។
សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ជាតំបន់ទេសចរណ៍ នៃសមុទ្របែបធម្មជាតិមួយស្ថិតនៅក្នុងភូមិ បាងកាយ៉ាក ឃុំ ពាមក្រសោប ស្រុក មណ្ឌលសីមា ខេត្ត កោះកុង ។សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និង ទាក់ទាញបំផុតមួយរបស់ខេត្តកោះកុង។ទីកន្លែងនេះមានសក្តានុពលទេសចរណ៍សំខាន់ៗសម្រាប់ ទទួលភ្ញៀវទេសចរទាំងជាតិអន្តរជាតិរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។អ្វីដែលទាក់ទាញបំផុតក្នុងតំបន់នេះមានដូចជា ព្រៃកោងកាង ប្រពន្ធ័អេកូឡូស៊ី ជីវៈចម្រុះ គ្រប់ប្រភេទជាជម្រកសត្វក្នុងទឹក ទីកន្លែងចិញ្ចឹមគ្រំចំពុះទា សត្វផ្សោតជាដើម។
ទឹកដីកន្លែងនេះមានទីកម្សាន្តសំខាន់ៗដូចជា៖ក្រៅពីតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិពាមក្រសោប ដែលជាទីល្បីឈ្មោះមួយកន្លែងហើយ ភ្ញៀវទេសចរអាចមកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីសក្តានុពល និងគយគន់ទេសភាពលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ព្រៃកោងកាង មើលសត្វផ្សោត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង។
លោក វ៉ែនយ៉ា អ្នក ដឹកទូក ទេសចរណ៍ កម្សាន្ត នៅសហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោបមួយរូបបានឱ្យដឹងថា៖ការដឹកអ្នកទេសចរកម្សាន្តនៅតាមព្រែក និងផ្ទៃសមុទ្រនៅសហគមន៍មួយនេះកំពុងបានទទួលការពេញនិយមគួរសម។សម្រាប់តម្លៃ គឺមានចាប់តាំងតែពី២ម៉ឺន, ៤ម៉ឺន និង៧ម៉ឹនរៀល ដោយក្នុងនេះមានជុំ ខ្លី ជុំមធ្យម និងជុំវែង។
លោក វង្ស រៀន ដែលជាអ្នករត់ទូកទេសចរណ៍មួយរូបទៀតនៅតំបន់នេះបានឱ្យដឹងថា នៅសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោបមានក្រុមអ្នកដឹកទូកទេសចរណ៍ចំនួន ៤ក្រុម ដែលមានជាង ១០០ទូក ហើយក្នុងមួយខែលោកអាចដឹកភ្ញៀវទេសចរណ៍ចំនួន ១សប្តាហ៍។
អ្នកនាង ហេង ម៉ារីយ៉ា មគ្គុទេសក៍ ទេសចរណ៍ មួយរូបដែលបានដឹកនាំភ្ញៀវទេសចរកម្សាន្តនៅសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប បានឱ្យដឹងថា៖ ក្នុងអំឡុងពេលនេះភ្ញៀវទេចរបរទេសមានការស្ងប់ស្ងាត់ចាប់តាំងតែពីដើមខែមីនាមក ប៉ុន្តែចាប់ពី ខែ តុលា ទៅ ភ្ញៀវបរទេស នឹង ចាប់ផ្តើម ហូរចូលមកវិញ។សម្រាប់ភ្ញៀវទេសចរ ក្នុងស្រុក គឺមានការធ្លាក់ចុះនារដូវភ្លៀងធ្លាក់ ហើយដល់រដូវរំហើយ និងរដូវប្រាំងនឹងកើនឡើងវិញ។
លោក សៀក សាបុន ប្រធាន សហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោបបានឱ្យដឹងថា សម្រាប់ទូកដឹកភ្ញៀវទេសចរនៅកន្លែងលោកសរុបចំនួន ១០៦ទូក ក្នុងចំណោមនេះក្រៅពីការប្រកបរបរនេសាទពួកគាត់បាននាំគ្នាដឹកភ្ញៀវទេសចដែលអាចរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ។សហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប មានប្រជាពលរដ្ឋចំនួន ៣០៤គ្រួសារ ស្មើនឹង១១៧៤នាក់ ភាគច្រើនជាអ្នកនេសាទ ហើយក្នុងនេះជាអ្នកបម្រើលើសេវាកម្មលើវិស័យទេសចរណ៍។
លោកបានបញ្ជាក់ប្រាប់ថាកាលពីឆ្នាំ២០២៣កន្លងមកសហគមន៍មានភ្ញៀវទេសចរសរុបចំនួនជាង៤ម៉ឺនាក់។
គួរបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប អ្វីដែលអ្នកទេសចរមិនអាចបំភ្លេចបាននោះគឺ ទេសភាពព្រៃកោងកាងតាមដងព្រែកដ៏ខៀវស្រងាត់ ទស្សនាសត្វផ្សោតសមុទ្រ ជិះទូក គយគន់ សត្វស្លាប សត្វស្វា សត្វអំពិលអំពែកនាពេលរាត្រី និងភូមិនេសាទរបស់ប្រជាជនមូលដ្ឋាន។ក្រៅពីនេះអ្វីដែលកាន់តែពិសេសប្រសិនបើគេចំណាយពេលវេលារហូតដល់ពេលព្រះអាទិត្យអស្តង្គត នឹងបានទស្សនានូវសម្រស់ធម្មជាតិនៃពន្លឺព្រះអាទិត្យដែលបញ្ចេញរស្មីពណ៌មាសជះលើពាសផ្ទៃទឹកសមុទ្រ ដ៏ធំល្វឹងល្វើយទស្សនាមិនចេះនឿយណាយសោះឡើយ ។ សំឡេងទឹកសមុទ្របោកបក់ ប្រៀបប្រដូចជាតន្រ្តី និងសំឡេងកាណូតនិងទូកបើកបរ គ្នាឥតសូវចេះដាច់បានបង្កើតនូវបរិយាកាសរីករាយបន្ថែមទៀតដល់អ្នកទេសចរគ្រប់រូប៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ ងីម ឆៃហួត