រដ្ឋបាលក្រុងប៉ោយប៉ែត និងពលរដ្ឋនៅជាប់ព្រំដែន កម្ពុជា ថៃ អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតក៍ដូចជាស្រុកក្រុងនៅទូទាំងខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ វាយគង វាយស្គរ ត្រដោក គាំទ្រ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកលោកស្រី មន្ត្រីរាជការ កងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពលរដ្ឋ បានចូលរួម ពិធីប្រារព្ធឡើងនៅរវង្វង់មូលព្រះនរាយ ស្តិតក្នុងភូមិក្បាលស្ពាន សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនា ថ្ងៃទី៥ សីហា ២០២៤។
លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីសារៈសំខាន់នៃ” ព្រែកជីកហ្វូណនតេជោ” ជាលក្ខណៈបច្ចេកទេសទូទៅរបស់ ផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ផ្តើមពីព្រែក តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួនបួនរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់រស់នៅអមសងខាងផ្លូវទឹកនេះ។
ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ(ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាព។
តាមការសិក្សា និងវាយតម្លៃបឋមលើថវិកាប៉ាន់ប្រមាណគម្រោងនេះនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក សម្រាប់សាងសង់និងស្តារផ្លូវទឹកដែលមានស្រាប់ប្រមាណ១៣៥គីឡូម៉ែត្រ និងជីកថ្មីប្រមាណ ៤៥គីឡូម៉ែត្រ ដែលត្រូវប្រើប្រាស់ ពេលវេលាប្រមាណបួនឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យមានការវិនិយោគក្នុងរូបភាព ភាពជាដៃគូររវាងរដ្ឋ និងឯកជន (PPP) ដែលក្រុមហ៊ុនវិនិយោគ ត្រូវសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ក្នុងរយៈពេលមួយសមស្រប។ ការវិនិយោគនេះគឺរាជរដ្ឋាភិបាលនឹងមិនចំណាយថវិកា ឬត្រូវខ្ចីថវិកាពីប្រភពណាមួយមកសាងសង់នោះទេ ។ពោលគឺក្រុមហ៊ុនវិនិយោគនឹងចំណាយទុនផ្ទាល់ខ្លួន ឬពីដៃគូររបស់ខ្លួន ១០០ភាគរយដើម្បីវិនិយោគលើគម្រោងនេះ។
លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត គាំទ្រយ៉ាងពេញទំហឹងការបើការដ្ឋានដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះ ព្រែកជីកហ្វូណនជាសសៃឈាម ដែលនាំឱ្យកម្ពុជា អាចនាំកសិផលនិងទំនិញក្នុងប្រទេស ចេញទៅប្រកួតប្រជែងលើទីផ្សាអន្តរជាតិ ដោយមិនពឹងផ្អែកផ្លូវទឹកប្រទេសជិតខាង ៕
ដោយ ៖ ឃិន គន្ធា