ថៃ ពង្រីកព្រលានយន្តហោះសុវណ្ណភូមិ ៣ ទិស ត្រៀមទទួលអ្នកទេសចរ

បាងកក៖ ក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានប្រទេសថៃ ហៅកាត់ថា AoT ថ្មីៗនេះបានអនុម័តផែនការមេ សម្រាប់ពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិ ចំនួន ៣ ទិសនៃព្រលាន គឺភាគខាងលិច ភាគខាងត្បូង និងភាគខាងជើង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។
 
ក្រៅពីនេះ ក្រុមប្រឹក្សាភិបាល AOT ក៏បានអនុម័តសាងសង់អាគារផ្ទុកទំនិញផងដែរ។
 
ការពង្រីកព្រលានសុវណ្ណភូមិ គ្រោងនឹងចាប់ផ្តើមពីឆ្នាំ២០២៥ រហូតដល់ដល់ឆ្នាំ ២០៣០។ នាយក AoT លោក Kirati Kijmanawat និយាយកាលពីថ្ងៃអាទិត្យថា ការសិក្សា និងគូប្លង់ ត្រូវចំណាយអស់ ៤លាន៦សែនដុល្លារអាមេរិក។
 
លោក Kirati ឲ្យដឹងថា ការសិក្សានិងការគូសប្លង់ត្រូវការ ១២ខែ។ លោករំពឹងថា ការដេញថ្លៃសាងសង់នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦។ លោក Kirati អះអាងថា AOT មានថវិកាគ្រប់គ្រាន់សម្រាប់ការសិក្សានេះ ប៉ុន្តែ លោកមិនទាន់អាចបញ្ជាក់ពីថ្លៃចំណាយរួមបាននៅឡើយទេ។  
 
យោងតាមនាយក AOT ដដែល ការពង្រីកព្រលានយន្តហោះ សុវណ្ណភូមិ នេះគឺដើម្បីឆ្លើយតបនឹងឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវអាកាសដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ចាប់តាំងពីការបញ្ចប់នៃជំងឺរាតត្បាតCovid-19។ ក្នុងនោះក៏មានកំណើននៃអ្នកទេសចរអន្តរជាតិផងដែរ។
 
ត្រឹមរយៈពេល៧ខែ ដំបូង ថៃទទួលបាន ទេសចរបរទេស ចំនួន២០លាននាក់។ ក្រសួងទេសចរណ៍ព្យាករណ៍ថា នៅឆ្នាំ២០២៤នេះ ភ្ញៀវទេសចរអន្តរជាតិ អាចមាន រហូតដល់៣៥លាននាក់ រកចំណូលប្រមាណ ជាង៨.៣ពាន់លានដុល្លារអាមេរិក៕
 
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner