១០ឆ្នាំទៀត ប្រកួត World Cup នៅទីលានលើដំបូលអគារ

បរទេស៖ កាសែត Bussiness Insider បានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា ប្រទេស អារ៉ាប៊ី សាអូឌីត គ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មី នៅលើដំបូងអគារខ្ពស់ ត្រៀមសម្រាប់ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឬ World Cup នៅរយៈពេល ១០ឆ្នាំខាងមុខ។
 
ប្រភពបានឲ្យដឹងថា អារ៉ាប៊ី សាអូឌីត បានដាក់សំណើជាផ្លូវការ ក្នុងការធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤។
 
ប្រសិនបើទទួលបានការឯកភាពពីសហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ FIFA ជាផ្លូវការ ប្រទេស អារ៉ាប៊ី សាអូឌីត នឹងចំណាយប្រាក់រាប់ពាន់លានដុល្លារ សាងសង់កីឡដ្ឋានថ្មីៗ ចំនួន១១ នៅទីក្រុងចំនួន៥ ក្នុងនោះ កីឡដ្ឋានមួយ ក្នុងចំណោមកីឡដ្ឋានទាំងនេះ នឹងស្ថិតនៅលើដំបូល នៃគម្រោងអគារដ៏ខ្ពស់ The LINE ដែលមានកន្លែងអង្គុយទស្សនាជាង៤៦០០០កន្លែង។
 
បើយោងតាម Technology Innovation បានចេញផ្សាយដែរថា កីឡដ្ឋាននេះ ត្រូវបានរំពឹងថា គ្រោងនឹងសាងសង់រួចរាល់ នៅឆ្នាំ២០៣២។ ជាមួយនឹងទីលានដែលមានកម្ពស់ជាង ៣៥០ម៉ែត្រពីលើដី ពហុកីឡដ្ឋានមួយនេះ នឹងបំពាក់បច្ចេកវិទ្យាទំនើប ដូចជាច្រកទ្វារអេឡិចត្រូនិច និងការផ្សាយកម្រិត 4K Ultra HD។ កីឡដ្ឋាននេះនឹងដំណើរការ ដោយថាមពលកកើតឡើងវិញ  ដូចជា ប្រភពខ្យល់ និង ពន្លឺព្រះអាទិត្យ។
 
សហព័ន្ធបាល់ទាត់ពិភពលោក FIFA គ្រោងប្រកាស ជាផ្លូវការ ចំពោះសំណើរបស់ ប្រទេស អារ៉ាប៊ី សាអូឌីត ជាប្រទេសម្ចាស់ផ្ទះនៅខែធ្នូឆ្នាំនេះ។ នេះបើយោងតាម Bloomberg៕
 
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner