កីឡាករ វង្ស គឹមហួត៖ យើងសាករថយន្តប្រណាំងរយៈផ្លូវឆ្ងាយ ដើម្បីពិនិត្យពីបច្ចេកទេសអោយបានល្អ មុនការប្រណាំង
ភ្នំពេញ៖ ក្រុម VKH Rally Racing បានចេញដំណើរទៅចូលរួមព្រឹត្តការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) លើចម្ងាយផ្លូវសរុប ២៤០០គីឡូម៉ែត្រ នៅប្រទេសថៃ ដោយបានឆ្លងកាត់ព្រំដែនតាមច្រកចាំយាមខេត្តកោះកុង ឆ្ពោះទៅសម្រាកនៅខេត្តត្រាត។
កីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ធ្លាប់ចូលរួមការប្រណាំងកម្រិតអាស៊ីមួយនេះ តាំងពីឆ្នាំ២០១៣ រហូតឆ្នាំ២០២៤នេះ ក្រុម VKH Rally Racing នឹងទទួលបានលទ្ធផលល្អ ពីព្រោះក្រុមការងារមានចិត្តមោះមុត និងឆន្ទៈខ្ពស់ បូករួមនឹងបទពិសោធន៍ ភាពស្ទាត់ជំនាញជាច្រើនឆ្នាំលើផ្នែកបច្ចេកទេស ការជួសជុល និងការជួយសង្គ្រោះរថយន្តប្រណាំង។
អ្នកជំនាញប្រណាំង Rally រូបនេះ បន្ថែមថា ចំពោះបញ្ហាបច្ចេកទេសរថយន្តប្រណាំងដែលយើងធ្លាប់ឆ្លងកាត់ យើងបានកែសម្រួលគ្រប់បែបយ៉ាងដែលគិតមិនដល់ យើងត្រូវប្រុងប្រយ័ត្នជាងមុនទ្វេរដង។ កីឡាករ វង្ស គឹមហួត បន្តថា សម្រាប់ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តសូរ៉ាតថានី ត្រូវសម្រាកតាមផ្លូវ២ថ្ងៃទើបដល់គោលដៅ លើចម្ងាយផ្លូវ ១៣០០គីឡូម៉ែត្រ។ ជាមួយគ្នានេះយើងបានសម្រេចចិត្តបើករថយន្តប្រណាំងផ្លូវឆ្ងាយ ដើម្បីសាកល្បងរថយន្ត និងពិនិត្យពីបច្ចេកទេស កម្លាំងម៉ាស៊ីន គ្រឿងក្រោមរថយន្ត កង់ និងផ្នែកផ្សេងៗខ្វះខាតកន្លែងណា និងសល់ពេលវេលាច្រើនបានជួសជុល អោយបានល្អជៀសវាងបញ្ហាកើតឡើងដូចឆ្នាំមុន។
កីឡាករ វង្ស គឹមហួត អោយដឹងទៀតថា ការប្រណាំង Rally ឆ្នាំនេះ មានរថយន្តចូលរួមច្រើនរហូត៤៥គ្រឿង រីឯ Class សាំង ៩គ្រឿង មកពី១០ប្រទេស សិតសឹងតែជៀងខ្លាំង មានកីឡាករប្រណាំងថ្មី និងកីឡាករប្រណាំងដែលខកខានពីឆ្នាំមុនក៏ត្រឡប់មកចូលរួមវិញ។
គួររម្លឹកថា ព្រឹត្តការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៣ ក្រុម VKH Rally Racing ទទួលបានលេខ១១ ក្នុងរថយន្តប្រណាំងសរុប ៤១គ្រឿង ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) នឹងចាប់ផ្តើមប្រកួតរយៈពេល៦ថ្ងៃ ពីថ្ងៃទី១១ ដល់ទី១៧ ខែសីហា នៅប្រទេសថៃ ពីខេត្តសូរ៉ាតថានី ទៅខេត្តហួហ៊ីន និងបញ្ចប់នៅខេត្តកាន់ឆាណាក់បូរី។ ក្រុម VKH Rally Racing មានរថយន្តប្រណាំងមួយគ្រឿង បើបរដោយកីឡាករ ហេង បញ្ញា និងជំនួយការអ្នកបើកបរ កីឡាករ វង្សគឹមហួត និងមានរថយន្ត Service ៤គ្រឿង ៕
អត្ថបទ-រូបភាព ចាន់ វិចិត្រ