នាយករដ្ឋមន្ត្រី ៖ ថ្នាក់ដឹកនាំខ្មែរ អាចសម្រេចលើជោគវាសនា ក្នុងការដឹកនាំប្រទេសដោយខ្លួនឯងបាន
(ភ្នំពេញ)៖ សម្ដេចធិបតី បានលើកឡើងថា ខ្មែរមិនល្ងង់នោះទេ ថ្នាក់ដឹកនាំខ្មែរយើង អាចសម្រេចលើជោគវាសនា ក្នុងការដឹកនាំប្រទេសដោយខ្លួនឯងបាន ដោយមិនចាំបាច់ មានបរទេស ឬប្រទេសណាមួយ មកព្រួយបារម្ភពីការអភិវឌ្ឍ របស់ប្រទេសយើងនោះទេ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានបង្ហើបថា កន្លងទៅ មានបរទេសខ្លះ មកប្រាប់ខ្ញុំថា ឲ្យប្រទេសខ្លះមកវិនិយោគនៅកំពង់សោម តិចទៀតខ្មែរបាត់អធិបតេយ្យភាព ខ្ញុំប្រាប់វិញ ខ្ញុំសូមអរគុណហើយ ។ ប្រទេសណា គេមានមហិច្ឆតាអី ចង់បានអី រឿងរបស់គេ ទី១៖ ខ្ញុំប្រាប់គាត់វិញថា គ្មានអ្នកណា ព្រួយបារម្ភពីខ្មែរ ជាងខ្មែរខ្លួនឯងទេ, ទី២៖ ប្រទេសណាចង់បានអី ប៉ុន្ដែរាជរដ្ឋាភិបាលខ្មែរ មន្ដ្រីរាជរដ្ឋាភិបាល និងប្រជាជនខ្មែរ នៅហ្នឹងមិនល្ងង់ទេ យើងក៏មានសមត្ថភាពមើលដែរអ្វីល្អអាក្រក់ ហើយខ្មែរ ក៏មិនបណ្ដោយឲ្យបរទេសណា មករំលោភបំពាន នាំឲ្យបាត់បង់ អធិបតេយ្យភាពនោះដែរ ។
សម្ដេចនាយករដ្ឋមន្ត្រី បានឆ្លើយតបជាមួយក្ដីព្រួយបារម្ភនេះ ដោយចោទជាសំណួរថា តើនៅពេលនេះ មានពលរដ្ឋខ្មែរណាម្នាក់ ទៅខេត្តព្រះសីហនុ ហើយតម្រូវឱ្យមានទិដ្ឋាការទេ? ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ និងគោលនយោបាយជាបន្ដបន្ទាប់ ដើម្បីពង្រឹងខេត្តជាប់សមុទ្រ ឱ្យក្លាយជាសក្ដានុពល និងជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនគ្រាប់ពេជ្ររបស់អ្នកណាទេ ពោល គឺយើងពង្រឹងខ្លួនឯង យើងម្ចាស់ការខ្លួនឯង ដោយខិតខំបង្កើនធនធានមនុស្ស ដើម្បីចេញទៅធ្វើការនៅគ្រប់កន្លែង ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្នុងសម័យនេះ មិនអាចរស់នៅដាច់ដោយឡែកបាននោះឡើយ គឺត្រូវមានទំនាក់ទំនង និងការរកស៊ីជាមួយគ្នា ហើយចាត់ទុកថា ការធ្វើឲ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិ គឺជាការធ្វើអត្តឃាតនយោបាយ ហើយប្រជាពលរដ្ឋ មិនលើកលែងឲ្យនោះឡើយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ