ក្រសួងការងារវាយតម្លៃខ្ពស់ចំពោះរោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងការអនុវត្តច្បាប់ និងផ្តល់អត្ថប្រយោជន៍ជូនកម្មករនិយោជិតបានយ៉ាងខ្ជាប់ខ្ជួន

(ភ្នំពេញ) តាមការចាត់តាំងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីពិនិត្យមើលស្ថានភាពការងារ និងសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រដ្ឋមន្រ្តីបានចុះជួបជាមួយបងប្អូនកម្មករនិយោជិត និងតំណាងនិយោជកក្នុងរោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងលក្ខខណ្ឌការងារ។

គួរបញ្ជាក់ថា កម្មវិធីចុះជួបសំណេះសំណាល រួមនិងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ រួមមានរោងចក្រ CWKH Garment (Cambodia) Limited. ដឹកនាំដោយ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិកា, រោងចក្រ VICMARK FASHIONS (CAMBODIA) CO.,LTD. ដឹកនាំ ឯកឧត្តម សោម អូន រដ្ឋលេខាធិការ និងរោងចក្រ XIN YUNFENG (CAMBODIA) FASHION CO., LTD. ដឹកនាំដោយឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការ។

នៅក្នុងឱកាសជួបសំណេះសំណាល ពិនិត្យស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារនៅរោងចក្រកាត់ដែរសម្លៀកបំពាក់ CWKH Garment (Cambodia) Limited. ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម ឡេង សែ បានជួបពិភាក្សាការងារជាមួយតំណាងម្ចាស់រោងចក្រ និងបានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង ផ្នែក QC(ការពិនិត្យគុណភាព) កន្លែងបំបៅកូន ទារកដ្ឋាន និងពេទ្យសង្គ្រោះផងដែរ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានអនុវត្តលក្ខខណ្ឌការងារ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករបានត្រឹមត្រូវស្របតាមច្បាប់ការងារ។ ក្នុងនោះ ភាគីរោងចក្របានផ្តល់ដូចជា ប្រាក់ឈ្នួលគោលអប្បបរមា ២០៤ ដុល្លារក្នុងមួយខែ, ការផ្តល់ប្រាក់រង្វាន់ធ្វើការងារទៀងទាត់, ប្រាក់រង្វាន់អតីតភាពការងារ, ប្រាក់ថែមម៉ោង, ថ្លៃស្នាក់នៅ, សោហ៊ុយធ្វើដំណើរ, ប្រាក់ថ្លៃបាយថ្ងៃត្រង់, ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។

ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារនៅរោងចក្រ VICMARK FASHIONS (CAMBODIA) CO.,LTD. ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម សោម អូន បានកត់សំគាល់ឃើញថា ទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិតជាមួយនិយោជកមានភាពល្អប្រសើរ ខណៈដែលម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិតបានយ៉ាងល្អដូចដែលច្បាប់ការងារបានកំណត់។

ឯកឧត្តម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយភាពស្និទ្ធស្នាល។ ទន្ទឹមនេះ ឯកឧត្តមបានស្នើឱ្យម្ចាស់រោងចក្រសូមបន្តយយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ។

ដោយឡែក ក្នុងឱកាសពិនិត្យមើលស្ថានភាពការងារ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ XIN YUNFENG (CAMBODIA) FASHION CO.,LTD ស្ថិតក្នុង ខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម វ៉េង ហៀង បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច។

ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការលើកកម្ពស់សុខដុមនីយកម្មនៅតាមគ្រឹះស្ថាន រោងចក្រ សហគ្រាស។ បន្ថែមពីនោះ ឯកឧត្តមក៏បានស្នើឱ្យម្ចាស់រោងចក្រ XIN YUNFENG (CAMBODIA) FASHION CO.,LTD. បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចដែលត្រូវបានកំណត់ដោយច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានស្រាប់របស់កម្ពុជាផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner