បាត់ដំបងពេលរាត្រីដ៏រីករាយក្នុងថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
បាត់ដំបង៖បន្ទាប់ពីចាប់តាំងពីព្រឹកព្រលឹមនៅក្នុងក្រុងបាត់ដំបង និងក្រុង ស្រុក ប្រជាពលរដ្ឋខ្មែរទូទាំងខេត្តបានត្រៀមខ្លួនចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្រ្តក្នុងសម័យទំនើបនោះ នាពេលរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំការសម្តែងទស្សនីយភាពសៀក និងការបាញ់កាំជ្រួច នៅទីលានសួនសម្តេចក្រឡាហោម វិមានឯករាជ្យ ក្នុងទីប្រជុំជនទីក្រុងបាត់ដំបង ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។
ពិធីដ៏មហាឡារឹកនារាត្រីបានប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងលោកជំទាវ និងមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សំឡេងហ៊ោរកញ្ជៀវបានលាន់លឺរំពង ស្របពេលពន្លឺកាំជ្រួចប្រកបដោយក្បូរក្បាច់ភ្លឺរន្ទាលស្ទើរមួយចំហៀងមេឃនៃក្រុងបាត់ដំបង។អ្នកចូលរួមសុទ្ធសឹងតែបានបង្ហាញទឹកមុខញញឹមពព្រាយ អបអរសាទរ និងការគាំទ្រយ៉ាងក្លៀវក្លាចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តទី១របស់កម្ពុជា ជាផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្រ។
ដោយមិនភ្លេចពីគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ប្រធានព្រឹទ្ធសភា ជាស្ថាបនិកគម្រោងព្រែកជីកហ្វូណនតេជោ ,ក្រុមយុវជនបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា ដែលអនុវត្តបន្តនូវគម្រោងដ៏មានតម្លៃមហាសាលសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោមានប្រវែង១៨០គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តចំនួនបួន គឺខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។ ព្រែកនេះនឹងផ្ដល់នូវផលប្រយោជន៍ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនត្រង់ទៅជលធារសមុទ្ររបស់កម្ពុជាឆ្ពោះទៅកាន់លំហសមុទ្រអន្តរជាតិ ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ពេលវេលាខ្លី និងថ្លៃដឹកជញ្ជូនក៏ទាបជាងមុន។ទន្ទឹមនេះគម្រោងព្រែកជីកហ្វូណនតេជោនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែពង្រឹងបាននូវឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )