ខេត្តបាត់ដំបង មានអ្នកចូលរួមរាប់ពាន់នាក់ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
បាត់ដំបង៖នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជននិងប្រជាពលរដ្ឋយ៉ាងច្រើន កុះករ បានមកជួបជុំនៅខាងមុខអគារសារមន្ទីរខេត្តបាត់ដំបង ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយការទូងស្គរ គោះត្រដោក គ្រវីទង់ជាតិ និងបន្លឺសំឡេងស្រែក ជយឃោសយ៉ាងខ្ទរខ្ទា។
ក្រៅពីពិធីអបអរសាទរដែលធ្វើឡើងនៅខាងមុខអគារសាលាខេត្តចាស់ នៅតាមមន្ទីរ អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ វិហារសាសនា គ្រប់ទីវត្តអារាម សាលារៀន មន្ទីរពេទ្យ គ្រឹះស្ថាន សាធារណៈ និងឯកជន ក៏សុទ្ធតែបានរៀបចំដោយឡែករៀងខ្លួនៗ នាវេលាម៉ោង ៩:០៩នាទីព្រឹក ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តម ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាន និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលដឹក នាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។គម្រោងព្រែកជីកហ្វូណនតេជោនេះនឹងផ្ដល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈនៃការតភ្ជាប់ប្រព័ន្ធជលធារពី ដៃទន្លេមេគង្គឆ្លងកាត់ព្រែក ឆ្ពោះទៅកាន់សមុទ្រកម្ពុជា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប