ការចូលរួមអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោបង្ហាញពីការជឿជាក់របស់ពលរដ្ឋ
កំពត៖អាជ្ញាធរស្រុកទឹកឈូ បានបញ្ជាក់ថា ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំចាប់ពីថ្ងៃនេះទៅ។ ទី១.ជាថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាមរតកដ៏មហាសាលសម្រាប់អ្នកជំនាន់ក្រោយ និងទី២ គឺជាថ្ងៃកំណើតរបស់សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពកម្ពុជា។ លោកថា ការចូលរួមអបអរសាទររបស់ពលរដ្ឋនៅគ្រប់ទិស បានបង្ហាញពីគោលជំហរគាំទ្រ និងជឿជាក់មកលើរាជរដ្ឋាភិបាល។
អភិបាលស្រុកទឹកឈូ លោកអ៊ឹម ច័ន្ទសោធន បានប្រាប់ក្នុងកម្មវិធីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅល្ងាចថ្ងៃទី៥ ខែសីហាថា សម្រាប់ខេត្តកំពត ក៏ដូចជាស្រុកទឹកឈូ ទាំងមន្ត្រីរាជការ កងកម្លាំង យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋ ព្រះសង្ឃ និងសាសនិកផ្សេងៗទូទាំងខេត្ត បានបង្ហាញនូវទឹកចិត្តរំភើបរីករាយក្រៃលែង ក្នុងការចូលរួមអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ។
លោកបានបញ្ជាក់ មិនថាខេត្តកំពត ឬស្រុកទឺកឈូទេ នៅទូទាំងប្រទេស គ្រប់ទិសទីមានរៀបចំកម្មវិធីអបអរសាទរយ៉ាងឱឡារឹកបំផុត ។ទាំងនេះបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ យល់ច្បាស់អំពីគុណតម្លៃ នៃគម្រោងព្រែកជីកហ្វូណនតេជោ បង្ហាញគោលជំហរគាំទ្រ និងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ដោយឡែកក្រុមយុវជនស្រឡាញ់សន្តិភាពស្រុកទឹកឈូ ក៏បានបង្ហាញពីការមើលឃើញរបស់ខ្លួនថា ប្រជាពលរដ្ឋគ្រប់ទិសទីនៅក្នុងខេត្តកំពត បានចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោយ៉ាងផុសផុល និងប្រកបដោយទឹកចិត្តរំភើបរីករាយ។
សូមជម្រាបថា កម្មវិធីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅខេត្តកំពត ត្រូវបានរៀបចំឡើងនៅតាមរដ្ឋបាលគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ និងឯកជន គ្រឹះស្ថានសិក្សាអប់រំផ្សេងៗដោយមានការទូងស្គរវាយជួងរគាំង និងមានការស្រែកជយឃោសយ៉ាងកងរំពងនៅគ្រប់ទីកន្លែង។ ពេលល្ងាចមានការរាំច្រៀងកម្សាន្ត ការទទួលទានអាហារសាមគ្គី ការកាត់នំខួបកំណើត និងការបាញ់កាំជ្រួចផងដែរ។
គប្បីបញ្ជាក់ដែរថា ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងបួន ដែលព្រែកជីកហ្វូណនតេជោឆ្លងកាត់ ក្នុងនោះមាន ខេត្ត
កណ្ដាល តាកែវ កំពត និងខេត្តកែប៕
ដោយ សិលា សារិន