សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានចេតនាមិនល្អលើការអនុវត្តសាងសង់ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ អ្នកនាំពាក្យសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល លោក ថុល សុផាន់ណា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងនៃចលនាជាតិនិយមដ៏មានសារៈសំខាន់បំផុតសម្រាប់ជាតិខ្មែរទាំងមូល និងជាប្រវត្តិសាស្ត្រលើកទី១ នៃកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ត្រូវចងចាំទុកជានិច្ច។

លោក ថុល សុផាន់ណា បានបន្តថា ព្រែកជីកហ្វូណនតេជោ គឺមានគុណប្រយោជន៍ដ៏មហាសាលសម្រាប់ជាតិខ្មែរ ជាពិសេសសម្រាប់ផ្លូវនាវាចរណ៍ផ្លូវទឹកដ៏សំខាន់បំផុត ដែលជួយដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជាតិខ្មែរ។ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាការរម្លឹកឡើងវិញនូវព្រែកជីកដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើននិងរុងរឿងបំផុត។

លោកបន្តថា ជាភ័ព្ទសំណាងសម្រាប់កម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាស្គាល់នូវការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឱ្យកម្ពុជាមានឱកាសរម្លឹកឡើងវិញនូវបណ្តាផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរនាសម័យមុន។ ជាមួយគ្នានេះ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ប្តេជ្ញាចិត្តចូលរួមការពារចូលរួមការពារសមិទ្ធផលព្រែកជីកហ្វូណនតេជោ និងបានប្រកាសប្រឆាំងដាច់ខាតចំពោះបរទេសណាដែលមានចេតនាមិនល្អដែលប៉ុនប៉ងលើការអនុវត្តសាងសង់ព្រែកជីកហ្វូណនតេជោ និងជាពិសេសប្រឆាំងដាច់ខាតចំពោះក្រុមជុ្រលនិយមមួយក្តាប់តូចដែលតែងតែមានចេតនាដើម្បីបង្កើតគំនិតញុះញង់ប្រឆាំងទៅនឹងផលប្រយោជន៍ជាតិ។

សូមជម្រាបថា ពិធីបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ស្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងយ៉ាងកងរំពងដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។
ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារៈសំខាន់មួយនេះបានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។ គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់៕
ដោយ៖ពលជ័យ

ads banner