ឯកឧត្តម ហែម វណ្ណឌី ជំរុញឲ្យសហគ្រាសផលិតផលម្ហូបអាហារខ្មែរ ត្រូវរក្សាបាននូវស្តង់ដារអនាម័យ គុណភាពខ្ពស់ សម្រាប់ការនាំចេញទៅទីផ្សារបរទេស

(ភ្នំពេញ)៖ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឲ្យសហគ្រាសផលិតម្ហូបអាហារខ្មែរ ត្រូវរក្សាបាននូវស្តង់ដារគុណភាពខ្ពស់ សុវត្ថិភាព អនាម័យ និងការច្នៃប្រឌិតផលិតផលម្ហូបអាហារខ្មែរ ក្នុងគោលបំណងទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ជាអន្តរជាតិ។

ការជំរុញបែបនេះរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគ្រាសម្ហូបអាហារ នៃក្រុមហ៊ុន Phnom Penh Food Yummy Manufacturing ដែលជាសហគ្រាសកែច្នៃកសិកម្ម និងអាហារខ្មែរដ៏លេចធ្លោរបស់កម្ពុជា ដែលមានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបង្ហាញការគាំទ្រដល់ធុរកិច្ចក្នុងស្រុកផងដែរ។

ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ក្រសួងលើកទឹកចិត្តឱ្យសហគ្រាសក្រុមហ៊ុនចាប់យកនវានុវត្តន៍ និងពង្រីកទីផ្សារពិសេសរបស់ខ្លួន ដោយការផលិតម្ហូបប្រពៃណីខ្មែរ និងផលិតផលផ្សេងទៀត ដែលបំពេញតាមតម្រូវការ ដែលផ្តោតកាន់តែខ្លាំងលើគុណភាព សុខភាព និងបរិស្ថាន ជាពិសេសក្នុងទីផ្សារនាំចេញ។

ឯកឧត្តម ហែម វណ្ណឌី គូសបញ្ជាក់ថា ក្រសួងត្រៀមគាំទ្រ និងសម្រួលដល់ការរីកលូតលាស់នៃវិស័យឧស្សាហកម្មចំណីអាហាររបស់កម្ពុជា ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការទិញវត្ថុធាតុដើម ពីកសិករក្នុងស្រុក ដើម្បីរួមចំណែកដល់ការបង្កើតការងារ បង្កើនប្រាក់ចំណូល និងគាំទ្រដល់ជីវភាពរបស់កសិករ និងសហគមន៍របស់ពួកគេ។

លោកស្រី ហ៊ុក ស្រីហួរ ជាអគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក បានឲ្យដឹងថា លោកស្រីមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមចំណែកពាំនាំ ផ្សព្វផ្សាយ ម្ហូបខ្មែរ ផលិតផលខ្មែរ ម៉ាកយីហោខ្មែរ ទៅកាន់ពិភពលោកឲ្យបានដឹង បានលឺ បានស្គាល់ បានភ្លក់កាន់តែសុះសាយ។

លោកស្រីថា ក្រុមហ៊ុនអ្នកស្រីចាប់ផ្តើមដំណើរការ និងចុះបញ្ជីរចាប់តាំងពីឆ្នាំ២០២១។ ហើយការបើកអាជីវកម្ម ដោយផ្តោតទៅលើម្ហូបអាហារខ្មែរ ដោយអ្នកស្រីយល់ថា ម្ហូបខ្មែរមានសក្តានុពលខ្លាំងក្នុងការដែរនាំពិភពលោកយើងបានស្គាល់ ហើយណាមួយ ខ្ញុំស្រលាញ់វិស័យម្ហូបអារហារយូហើយ ហើយអ្នកស្រីនៅក្នុងអាជីវកម្មទាក់ទងនឹងអាហារនេះប្រមាណ១០ឆ្នាំហើយដែរ។

លោកស្រីថា ការនាំចេញជាផ្លូវការយើងទើបបានតែមានប្រទេសកូរ៉េមួយទេ ហើយការនាំចេញទើបតែបានប្រហែល៥០០គីឡូក្រាម។ ការនាំចេញទៅប្រទេសកូរ៉េ គឺមានប្រភេទបុកត្រីចង្អើរ២មុខ ទី១បុកត្រីចង្អើរ និងទី២បុកកន្ទុយហេស។

អ្នកស្រីថា ចក្ខុវិស័យបន្ទាប់របស់ក្រុមហ៊ុន គឺពាំនាំម្ហូបខ្មែរទៅកាន់ប្រទេសផ្សេងទៀតដូចជា៖ អាមេរិក អូស្ត្រាលី បារាំង កាណាដា ថៃ ចិន វៀតណាម ជប៉ុន ជាដើម។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើនប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិផាវ ប្រហុកអង្ក្រង ប្រហុកឡាប ប្រហុកអប់ក្រូចឆ្មារ ប្រហុកខ្ទិះ សាច់ប្រឡាក់គ្រឿងស្រាប់។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារ ពាសពេញប្រទេសកម្ពុជាជាង ៣៥០កន្លែង។

លោកស្រីចង់នាំចេញអាម៉ុកទៅក្រៅប្រទេស សម្រាប់ការទទួលស្គាល់ជាអន្តរជាតិ ក៏ដូចជានំបញ្ចុក និងគុយទាវខ្មែរ ដោយជំរុញឱ្យមានការគាំទ្រក្នុងស្រុកខ្លាំង ខណៈដែលលោកស្រីកំពុងពិចារណាលើអាហារហាឡាល(សម្រាប់អ្នកកាន់សាសនាឥស្លាម) ដែលទំនងជានឹងបង្ហាញនៅឆ្នាំក្រោយ។ លោកស្រីបានបន្ថែមថា ចាប់តាំងពីឆ្នាំ ២០២៣ ផលិតផលនេះ ទទួលបានការគាំទ្រខ្លាំង នៅទីផ្សារក្នុងស្រុក ក្នុងនោះឃើញមានវត្តមាននៅតាមផ្សារទំនើបមួយចំនួនរួមមាន AEON, Makro, Lucky, និង 7-Eleven ជាដើម៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner