ក្រសួងការងារ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ចុះអនុស្សរណៈដើម្បលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងលោក វីលៀម ខន់ឃ្លីន(William Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ(ACILS) នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនៅពេលនេះ គឺផ្តោតលើការលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសុខភាពនិងសុវត្ថិភាពការងារ(OSH)នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា  ការចុះអនុស្សរណៈនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងសុវត្ថិភាពការងារក្នុងរោងចក្រសហគ្រាសនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងដែលជាគន្លឹះដ៏សំខាន់សម្រាប់ការរក្សាបាននូវការវិនិយោគ និងទាក់ទាញវិនិយោគិនមកកម្ពុជាបន្ថែមទៀតព្រោះតែភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលមានវឌ្ឍនភាពជាលំដាប់។

ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់បន្ថែមថា អនុស្សរណៈនាពេលនេះគឺមិនត្រឹមតែបង្ហាញពីភាពជឿជាក់ និងទុកចិត្តគ្នារវាងស្ថាប័នទាំងពីរនោះទេ ប៉ុន្តែថែមទាំងជាកត្តាជំរុញឱ្យមានទំនាក់ទំនងល្អ និងជិតស្និទ្ធបន្ថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឆ្លៀតរំលឹកពីផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ(២០២៤-២០២៨) ដែលមានទិសដៅសម្រាប់ពង្រឹងវឌ្ឍនភាព នៃវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា។

លោក វីលៀម ខន់ឃ្លីន នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ ដែលជាវឌ្ឍនភាពដ៏សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការធ្វើឱ្យប្រសើរឡើងជាលំដាប់តាមរយៈយន្តការច្បាប់ និងយន្តការស្ថាប័នជាពិសេសយន្តការ នៃកិច្ចការពារកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងមូលក្នុងបរិបទកូវីដ១៩។

ជាមួយគ្នានេះ លោក វីលៀម ខន់ឃ្លីន បានបញ្ជាក់នូវការជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈ ដែលភាគីទាំង២បានចុះហត្ថលេខាជាលើកទី៣នេះ នឹងបន្តទទួលបានជោគជ័យដូចលើកទី១ និងទី២ ដែលបានចុះតាំងពីឆ្នាំ២០១៨ មកផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner