អភិបាលរងខេត្តកំពង់ធំនិងមេបញ្ជាការប្រតិបត្តិការសឹករងខេត្តកំពង់ធំអញ្ជើញ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

កំពង់ធំ ៖ លោកអភិបាលរងខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំង​កងកម្លាំង​ចំនួន៣៥នាក់ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែល​បានជន់លិចស្រូវរបស់ប្រជាពលរដ្ឋ ស្រូវជាង​បីពាន់ហិកតា គឺជាការ​ជន់លិចធ្ងន់ធ្ងរក្នុងឆ្នាំ២០២៤នេះ ខណៈស្រូវកំពុងតែប្រមូលផល នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងមួយផ្នែករបស់ស្រុក​កំពង់​ស្វាយ ។

ក្នុងសកម្មភាពកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោក ឆេង បូរ៉ា តំណាងប្រជាកសិករបានបញ្ជាក់ថា ដំណាំស្រូវប៉ែក​ខាងក្រោម នៅក្នុងសង្កាត់ស្រយ៉ូវ ប្រមាណបីពាន់ហិកតា ដែលកំពុងប្រមូលផល ត្រូវបានទឹកជន់លិចរយៈ​ពេលជិតមួយ​សប្តាហ៍​កន្លងមកហើយ ។បច្ចុប្បន្នប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវដណ្ដើមពីជំនន់ទឹកភ្លៀង ដើម្បីបានផលខ្លះសម្រាល​នូវការខូចខាតបាត់បង់ថវិកា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា អាជ្ញាធរ និងកង​កម្លាំងកំពុងតែរិះរកវិធី ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលបាន​រងផល​ប៉ះពាល់ និងខូចខាតស្រូវដោយសារជំនន់ទឹកភ្លៀង និងចូល​រួមសោក​ស្តាយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងការខូច​ខាតជាងបីពាន់​ហិកតា ដែលបងប្អូន បានចំណាយថវិកាយ៉ាងច្រើន ដើម្បីបង្កបង្កើន​ផលស្រូវ។ ក្នុងនោះកងកម្លាំងត្រៀម តាមការចាំបាច់​នានា ដែលប្រជាជនត្រូវការ ក្នុងការបម្រើប្រជាជនដោយអស់​ពីចិត្ត​ពីថ្លើម៕
ដោយ៖ ប៊ុន រដ្ឋា

ads banner