ឯកឧត្តម វ៉ី សំណាង ដាក់បទបញ្ជាឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបការនាំសាច់បង្កកខុសច្បាប់ ចូលមកកម្ពុជាតាមច្រកខេត្តតាកែវ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសសមត្ថកិច្ចដែលឈរជើងនៅតាមព្រំដែន ត្រូវតែធ្វើការទប់ស្កាត់ឱ្យខានតែបាន ចំពោះការលួចនាំចូលសាច់បង្កកខូចគុណភាព ចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែននានា របស់ខេត្តតាកែវ។

ការណែនាំនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា «បើយើងមិនទប់ស្កាត់សាច់បង្កកខូចគុណភាព ហើយបន្តឱ្យនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាយើង អ្នកដែលរងគ្រោះធ្ងន់ធ្ងរបំផុត គឺប្រជាពលរដ្ឋកម្ពុជាយើង ព្រោះពួកគាត់ជាអ្នកទិញយកមកទទួលទានសាច់ខូចគុណភាពនេះ ហើយវានឹងធ្វើឱ្យពួកគាត់កើតជំងឺផ្សេងៗ ដែលនឹងត្រូវចំណាយថវិកាជាច្រើនក្នុងការព្យាបាលជំងឺរបស់ពួកគាត់»។

ឯកឧត្តម អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា កន្លងមកសមត្ថកិច្ចឈរជើងតាមព្រំដែនរួម នឹងមន្ត្រីជំនាញបានធ្វើការទប់ស្កាត់ និងចាប់បានសាច់បង្កកខូចគុណភាពមួយចំនួន ដែលនាំចូលពីប្រទេសជិតខាងយកទៅដុតបំផ្លាញចោល ក៏ប៉ុន្តែនៅតែមានក្រុមឈ្មួញខិលខូចមួយចំនួន បានបន្តលួចនាំចូលដោយខុសច្បាប់តទៅទៀត បញ្ហានេះសូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនក្រុមឈ្មួញខិលខូចទាំងអស់នោះ យកមកកាត់ទោសទៅតាមច្បាប់ ដើម្បីកុំឱ្យពួកគេបន្តធ្វើសកម្មភាពខុសច្បាប់នេះតទៅទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធរួម និងអភិបាល ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លួន ហើយត្រូវធ្វើការទប់ស្កាត់កុំឱ្យបញ្ហានេះកើតមានឡើងនៅក្នុងខេត្តតាកែវ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner