អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញពីលទ្ធផលសម្រេចបាន ក្នុងខែកក្កដា ឆ្នាំ២០២៤
(ភ្នំពេញ)៖ក្នុងខែកក្កដា កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយ( អ.ប.ព.) សម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងនេះដូចជាការប្រកាសទ្រព្យសម្បត្តិ និងបំណុល ការងារពាក្យប្តឹង ការអប់រំផ្សព្វផ្សាយអំពីការប្រឆាំងអំពើពុករលួយ ការងារបណ្តុះបណ្តាល កិច្ចការងារតំបន់ និង អន្តរជាតិ ជាដើម។
ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំលើកទី៣៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុកនារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះដោយបានប្រាប់ទូរទស្សអប្សរាថា៖ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅក្នុង ខែ កក្កដា ឆ្នាំ ២០២៤នេះមានមន្ត្រីចំនួន ២.៩៨១រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១.៤៤៧រូប និងមន្ត្រី ១.៥៣៤រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជា លើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។
ឯកឧត្តមបាននិយាយផងថា៖សម្រាប់ការងារពាក្យប្ដឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុបចំនួន ៤៨ ពាក្យប្ដឹង ។
ឯកឧត្តម សយ ច័ន្ទ វិចិត្រ បានបញ្ជាក់ឱ្យដឹងដែរថា៖ក្នុងខែកក្កដានេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ និងអ្នកជំនាញផ្នែកច្បាប់របស់ អ.ប.ព. បានផ្តល់បទឧទ្ទេសនាមជាថ្មី ច្បាប់ស្តីពី “ការ ប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ដល់សិស្សវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ដល់សិក្ខាកាមចំនួន ៩៨រូប នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។
មន្រ្តីអ្នកនាំពាក្យរូបនេះថែ្លងដោយបញ្ជាក់បន្ថែមថា ចំពោះការងារបង្ការ និងទប់ស្កាត់អំពើពុករលួយវិញ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ការប្រឡងចំនួន ០២លើកក្នុងនេះដូចជាការប្រឡងបញ្ចប់ឆ្នាំសិក្សា របស់និស្សិតផ្នែកសុខាភិបាល នៃបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលនានា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលរៀបចំដោយក្រសួងសុខាភិបាល និងទី២ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា សម្រាប់ បម្រើការក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ និង ក្រសួងអប់រំ យុវជន និងកីឡា។
ដោយឡែកចំពោះ ការងារបណ្តុះបណ្តាលវិញអង្គភាពប្រឆាំងអំពើពុករលួយបានបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីសរុបចំនួន១០០នាក់ ។
មន្រ្តីអ្នកនាំពាក្យរូបនេះបានលើកឡើងថា៖សម្រាប់ ការងារតំបន់ និងអន្តរជាតិនៅខែកក្កដា អង្គភាពប្រឆាំងអំពើពុករលួយបានជួប និងសំនួរនានា របស់ធានាគារពិភពលោក (World Bank, WB) និងមូលនិធិ រូបិយវត្ថុអន្តរជាតិ (International Monetary Fund, IMF)។
គួរបញ្ជាក់ថាក្នុងខែដដែលនេះ គណៈប្រតិភូ របស់អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៤រូប ក៏បានចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាន អាស៊ាន-ផេក លើកទី២០ផងដែរ៕
ដោយ ៖ម៉ាដេប៉ូ
រូបភាព ៖ លោក ហេង សម្បត្តិ