បណ្ឌិត សេក សុជាតិ៖ ព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ

ភ្នំពេញ៖ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បណ្ឌិត សេក សុជាតិ បានថ្លែងប្រាប់ AMS ថា ការបើកការដ្ឋាន​សាង​សង់​ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញឱ្យឃើញនូវសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដែលមានផ្លូវតភ្ជាប់ពីទន្លេទៅកាន់សមុទ្រដោយខ្លួនឯង។ ការជីកព្រែកនេះ គឺនៅក្នុងទឹកដីកម្ពុជា ហេតុនេះវាមិនមានការបាត់បង់ទឹកដីទៅប្រទេសដទៃនោះទេ ហើយវាមិនដូចអ្វី​ដែលជាការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះទេ។

បណ្ឌិត សេក សុជាតិ បានបញ្ជាក់ថា “ការជីកនេះក្នុងប្រទេសរបស់យើង គឺវាមិនមានការបាត់បង់ទឹកដីទៅប្រទេសដទៃទេ។ បើសិនជាយើងជាខ្មែររួបរួមផ្សះផ្សាគ្នា សាមគ្គីគ្នា ហើយថែរក្សាព្រំដែនរបស់យើង ហើយអនុវត្តច្បាប់ដោយស្មើភាពគ្នាជាមួយប្រទេសជិតខាង ដូច្នេះយើងក៏នៅតែអាចរក្សាបាន។ ក្នុងនាមជាខ្មែរ បើសិនជាយើងអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍រួមរបស់ជាតិ យើងគួរតែមានការគាំទ្រគ្នា និងជាជួយគ្នាទៅវិញទៅមក”។

បណ្ឌិតបានអះអាងថា ការរួបរួមគ្នារវាងខ្មែរនឹងខ្មែរ គឺជាសញ្ញាវិជ្ជមានដែលអាចធ្វើឱ្យកម្ពុជាមានភាពរឹងមាំនៅផ្នែកសន្តិសុខ ក៏ដូចជាអធិបតេយ្យភាពរបស់ជាតិផងដែរ។ ដូច្នេះការជីកព្រែកនេះ វានឹងបន្សល់ទុកនៅមរតករាប់រយរាប់ពាន់ឆ្នាំទៅមុខ។ បើសិនជាយើងចេះប្រើប្រាស់ព្រែកជីកនេះឱ្យមានគុណប្រយោជន៍ ហើយយើងប្រើប្រាស់នៅក្នុងផ្លូវដើម្បីបំពេញចន្លោះប្រហោងនៅក្នុងការដឹកជញ្ជូនរបស់យើងទៅកាន់ពិភពលោក វានឹងធ្វើឱ្យសេដ្ឋកិច្ចរបស់យើងមានភាពល្អប្រសើរ ហើយយើងក៏អាចជួយកសិករដើម្បីមានឱកាសនៅក្នុងការនាំចេញទៅខាងក្រៅផងដែរ។ ដូច្នេះវាជាប្រយោជន៍រួមទាំងអស់គ្នា។

សូមជម្រាបថា ពិធីបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ស្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងយ៉ាងកងរំពងដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។
ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារៈសំខាន់មួយនេះបានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner