ក្រុមយុវជនសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យនាំយកអំណោយទៅផ្តល់ជូនមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី
បន្ទាយមានជ័យ៖លោក រ៉េត រ៉ន ប្រធានសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី ស្ថិតភូមិឬស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។មណ្ឌលនេះមានកុមារស្នាក់នៅ ១១២នាក់និងបុគ្គលិក ១៧នាក់ ។

ក្នុងពិធីដែលមានការចូលរួមពីលោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរី និងអាជ្ញាធរមូលដ្ឋានផងនោះ លោក រ៉េត រ៉ន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជូនដល់ប្អូនៗដែលកំពុងតែរស់នៅក្នុងមណ្ឌល និងលោកនាយកគ្រប់គ្រងមណ្ឌល និងបុគ្គលិកនៅក្នុងមណ្ឌលទាំងអស់។

អំណោយរួមមាន ដូចជា អង្ករចំនួនមួយតោន ត្រីខប្រាំកេសធំ ទឹកស៊ីអ៊ីវប្រាំកេសធំ មីពីរកេសធំ និងថវិកាមួយលានរៀល។ចំណែកបុគ្គលិកបម្រើការងារនៅមណ្ឌលចំនួន១៣នាក់ក៏បានទទួលថវិកាមួយចំនួនផងដែរ៕
ដោយ៖ឃិន គន្ធា

