លោក គង់ ចាន់ធីណា៖ ចេញប្រកួតក្រៅប្រទេសលើកដំបូង ហាប់គីដូទួលបានការសរសើរ
ភ្នំពេញ៖ ក្រុមប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជា ទទួលបានការកោតសរសើរពីអន្តរជាតិ បន្ទាប់ពីជោគជ័យខ្លាំងដណ្តើមមេដាយសរុប ៤០គ្រឿង ពីការប្រកួតជើងឯកពិភពលោក នៅថៃ ។
នេះជាការបញ្ជាក់របស់លោក គង់ ចាន់ទីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គឺដូ ក្រោយត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី០៦ ខែសីហាម្សិលមិញ តាមរថយន្ដក្រុងពីទីក្រុងបាងកក ដល់ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ទទួលដំណើស្វាគមន៍ពី ឧកញ៉ា គួច ហុងចៀក អនុប្រធានសហព័ន្ធ។
លោក គង់ ចាន់ធីណា បានឲ្យដឹងថា បេសកកម្មនេះ មានឧបសគ្គខ្លះ ទៅលើការងារបច្ចេកទេស តែដោយសារការព្យាយារបស់កីឡាករ-កីឡាការិនី បានខំប្រឹងរហូតទទួលបានជោគជ័យលើសការរំពឹងទុក ពិសេសបណ្ដាប្រទេសចូលរួម សុទ្ធតែបានភ្ញាក់ផ្អើល និងស្ងើចសរសើរកម្ពុជា ដែលធ្វើបានយ៉ាងល្អ ពិសេសកីឡាករក្មេងៗ ។
តាមរយ:ជោគជ័យនេះ លោកអគ្គលេខាធិការ សង្ឃឹមថា នឹងទទួលបានប្រាក់ឧបត្ថម្ភ និងការលើកទឹកចិត្តគាំទ្រ ពីគណៈកម្មាធិការអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។
គួរដឹងថា ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅខេត្ត នុនថាបុរី ប្រទេសថៃ បានធ្វើការប្រកួតពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិក ១២ប្រទេសចូលរួម និងមានអត្តពលិកចូលរួមសរុប ៦៤៩នាក់។ ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយសរុប ៤០គ្រឿង ក្នុងនោះមេដាយមាស ១២ ប្រាក់ ១៣ និងសំរឹទ្ធ ១៥គ្រឿង ដែលឈរលេខរៀងទី២ បន្ទាប់ពីម្ចាស់ផ្ទះថៃ ដែលដណ្ដើមបានមេដាយច្រើនជាងគេ ៕
អត្ថបទ-ចាន់ វិចិត្រ