រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ

ភ្នំពេញ៖ ក្នុងសន្និសិទស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីយ៉ាត់រេជិនស៊ី រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវិនិយោគិន ជាតិ អន្តរជាតិទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជា មានភាពស្អាត កម្ពុជាមានភាពបៃតង និងរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តថា កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និង ឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត របស់ធុរជនគ្រប់រូប ដែលបានរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងប្រកបដោយភាពបៃតង ស្អាត និងចីរភាព ជាមួយគ្នានេះ ការនាំមកនូវបច្ចេកវិទ្យា គឺជាកត្តាជំរុញឱ្យល្បឿននៃការវិនិយោគវិវឌ្ឍទៅបានលឿន និងឆាប់រហ័ស ប៉ុន្តែយ៉ាងណា ត្រូវតែគិតមុនគេទៅដល់ប្រាក់ចំណូល និងផលប្រយោជន៍របស់ប្រជាកសិករខ្មែរ ដែលស្របនឹងគោលនយោបាយជាតិ ឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ២០៥០ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន តាមរយៈការបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ។

សូមរម្លឹកជូនថា សន្និសិទស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុននេះ បានរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេស របស់ប្រទេសជប៉ុន(JETRO) ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) និងសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកឧញ៉ា លី យ៉ុងផាត ប្រធានសមាគមឧញ៉ាកម្ពុជា ឯកឧត្តម Atsushi Ueno ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធុរជនជាតិ និងអន្តរជាតិ ជាច្រើននាក់។

វេទិកានេះប្រព្រឹត្តទៅក្នុងគោលបំណង បង្កើនការយល់ដឹងដល់ធុរជន​តាមរយៈ​បច្ចេកវិទ្យា និងបង្កើននូវឱកាសអាជីវកម្មថ្មីៗ ដើម្បីបង្កើតប្រភពចំណូល​មួយផ្សេងទៀត តាមរយៈការលក់ឥណទានកាបូន និងពង្រីកអាជីវកម្ម តាមរបៀបបៃតង និងនិរន្តរភាព៕

ដោយ ៖ ង៉ាន់ ទិត្យ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner