លោក ធិន វិចិត្រ ៖ ការប្រកួតកីឡាឧបសគ្គមានការចូលរួមពីកីឡាករ កីឡាការិនី ច្រើនលើសពីការរំពឹងទុក
ភ្នំពេញ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤-លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាឧបសគ្គកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាឧបសគ្គ ដែលប្រារព្ធធ្វើឡើងខេត្ត ព្រះសីហនុ មានចំនួនកីឡាករ កីឡាការិនីចូលរួមប្រកួតយ៉ាងផុសផុលខ្លាំង លើសពីការរំពឹងទុក បើទោះបីជានេះជាប្រភេទកីឡាថ្មីសម្រាប់កម្ពុជាក្តី។
អគ្គលេខាធិការរូបនេះ គូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាឧបសគ្គនេះ ត្រូវបានរៀបចំការប្រកួតចំនួន ៣ជុំ ពោលគឺចំនួន៣សប្តាហ៍ ដោយសប្តាហ៍ទី១ ជាការប្រកួតវគ្គជម្រុះ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០២៤ ហើយការប្រកួតសម្រាប់សប្តាហ៍ទី២ គឺជាការប្រកួតវគ្គពាក់កណ្តាល គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៤ និងសប្តាហ៍ទី៣ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងចាប់ពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤ ។ ការប្រកួតនេះមានការចូលរួមពីសាលាអន្តរជាតិ អ៊ីសិន អនុវិទ្យាល័យ ហ៊ុនសែន កម្មករ អនុវិទ្យាល័យសម្តេចឪ ក្លឹបសន្តិភាព ការ៉ាតេដូ សាលាជីវិត វិទ្យាល័យហ៊ុនសែនមិត្តភាព ក្លឹបភ្នំពេញ និងក្រុមមហាជន ដែលមានចំនួនអ្នកចូលរួម សរុប ២៣៦នាក់ ក្នុងនោះមានកីឡាការិនីចំនួន៥២នាក់។
«គោលបំណងសំខាន់មួយទៀត ក្នុងការរៀបចំការប្រកួតនៅខេត្តព្រះសីហនុនេះ គឺដើម្បីជាការបំផុសស្មារតីដល់យុវជនឱ្យចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព និងបញ្ជៀសយុវជនឱ្យជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនូវពាក្យស្លោក ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ ប្រចាំជីវិត។ ជាមួយគ្នានេះ សហព័ន្ធកីឡាឧបសគ្គកម្ពុជាក៏មានបំណងសំខាន់មួយទៀត ក្នុងការបង្កឱ្យមានភាពទាក់ទាញដល់វិស័យទេសចរណ៍ផងដែរ»។ លោក ធិន វិចិត្រ បានសង្កត់ធ្ងន់បន្ថែម។
លោក ធិន វិចិត្រ សង្កត់ធ្ងន់ថា ៖«ថ្មីដ្បិតតែ ប្រភេទកីឡាឧបសគ្គនេះ គឺថ្មីសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្តែប្រភេទកីឡានេះត្រូវបានរៀបចំប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា ដែលជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា ហើយក្នុងនាមជាម្ចាស់ផ្ទះ កីឡាឧបសគ្គកម្ពុជាក៏ដណ្តើមបានមេដាយសំរឹទ្ធ ក្នុងចំណោមប្រទេសអាស៊ាន ដែលចូលរួមផងដែរ»។ ក្នុងនាមសហព័ន្ធ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្ររបស់ភេសជ្ជៈ WURKZ នៃក្រុមហ៊ុន ខ្មែរប៊ែវើរីជីស សម្រាប់ការប្រកួតទាំង៣ជុំនេះ ៕
ចាន់ វិចិត្រ









