ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ តំបន់២ និងតំបន់៣នៃបឹងទន្លេសាប នឹងត្រូវចុះបញ្ជីជាដីរដ្ឋ ដើម្បីអភិរក្សសម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលសម្រាប់មនុស្សគ្រប់ជំនាន់
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា តំបន់២និងតំបន់៣ ក្នុងតំបន់បឹងទន្លេសាប នឹងត្រូវចុះបញ្ជីជាដីរដ្ឋដោយមិនអនុញ្ញាតឱ្យមានការសុំកាត់ឆ្វៀលដីបន្តទៀតទេ កុំឱ្យមានផលប៉ះពាល់បាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប និងដើម្បីអភិរក្សសម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលនេះ ទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់ ។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីនៅតំបន់ទន្លេសាប នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា ការជួបប្រជុំគ្នានាពេលនេះ គឺដើម្បីរួមគ្នាទទួលខុសត្រូវជាប្រវត្តិសាស្ត្រទាក់ទិនទៅនឹងការគ្រប់គ្រងបឹងទន្លេសាប ហើយនេះគឺជាកិច្ចការដែលយើងទាំងអស់គ្នា ត្រូវហ៊ានសម្រេចចិត្តក្នុងការកំណត់គោលការណ៍នៃការដឹកនាំគ្រប់គ្រងបឹងទន្លេសាបនេះឱ្យបានជាក់លាក់ ដោយមិនអាចបណ្ដែតបណ្ដោយបានទៀតនោះទេ ជៀសវាងប្រឈមនឹងការបាត់បង់ ចំណុចពិសេសក្នុងការរក្សាអាយុជីវិតរបស់បឹងទន្លេសាប គឺការរក្សារបបទឹក និងព្រៃលិចទឹក ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ចំពោះការកំណត់ឱ្យមានតំបន់១ តំបន់២ និងតំបន់៣ ក្នុងតំបន់បឹងទន្លេសាប គឺជាការកំណត់ដ៏ត្រឹមត្រូវមួយដើម្បីរក្សាបឹងទន្លេសាបឱ្យនៅគង់វង្ស ចំពោះការធ្វើស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋអាចធ្វើក្នុងតំបន់២បាន ស្របតាមគោលការណ៍ដែលបានកំណត់ និងត្រូវរក្សាទុកតំបន់៣ជាតំបន់អភិរក្ស ប៉ុន្តែបច្ចុប្បន្នកំពុងមានការទន្ទ្រានក្នុងតំបន់៣ នេះ ដូច្នេះនេះ គឺជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយ ។
បឹងទន្លេសាបមានផលប្រយោជន៍យ៉ាងមហាសាលសំរាប់ប្រទេសជាតិដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនខ្មែរគ្រប់រូប ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នារក្សាការពារធនធានធម្មជាតិដ៏មានតម្លៃនេះអោយបានស្ថិតស្ថេរគង់វង្សទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់ ៕
ដោយ / គ្រី សម្បត្តិ