ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។
កិច្ចប្រជុំទាំងនោះរួមមាន ៖ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី ,កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានសាធារណរដ្ឋប្រជាមានិតចិន ,កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ានសាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសុខាភិបាលអាស៊ានអាមេរិក ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះក៏មានមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រដ្ឋមន្ត្រីសុខាភិបាល ទីម័រឡេស្តេ ចិន កូរ៉េ អាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា ។
ក្នុងនាមក្រសួងសុខាភិបាលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗមួយចំនួនស្តីពីលទ្ធផលសំខាន់ៗដែលវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសុខាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ៕
ដោយ ៖ ហេង សម្បត្តិ






