Biden គ្មានទំនុកចិត្តផ្ទេរដោយសន្តិវិធី បើ Trump ចាញ់
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានថា លោក «មិនមានទំនុកចិត្តទាល់តែសោះ» នៃការប្រគល់អំណាច ដោយសន្តិវិធី ទៅឱ្យលោកស្រី Kamala Harris ប្រសិនបើ លោក Donald Trump ចាញ់ការបោះឆ្នោត នាខែវិច្ឆិកា ខាងមុខនេះ។
លោក Joe Biden បានថ្លែងបែបនេះ នៅក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់ទូរទស្សន៍អាមេរិក CBS ដែលបានផ្សាយ កាលពីថ្ងៃពុធ។ កាលពីខែកក្កដា បុរសអាយុ ៨១ឆ្នាំ រូបនេះ បានដកខ្លួន ពីការបោះឆ្នោតដណ្តើមសេតវិមាន ហើយត្រូវបានជំនួសវិញ ដោយអនុប្រធានាធិបតី លោកស្រី Harris ក្នុងនាមជាបេក្ខភាពប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ។
លោក Biden បាននិយាយថា កន្លងមក លោក Trump តែងតែបានលើកឡើង ពីការមិនទទួលយកបរាជ័យ ក្នុងពេលធ្វើយុទ្ធនាការឃោសនា នានា ហើយការណ៍នេះ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោក Biden ថា «ប្រសិនបើលោក Trump ចាញ់នោះ ខ្ញុំមិនមានទំនុកចិត្តទាល់តែសោះ»។ លោក Biden បន្ថែមទៀតថា «Trump ចង់មានន័យថា អ្វីដែលគាត់និយាយ គឺពួកយើង គ្មានអីឲ្យគាត់បារម្ភខ្លាំងនោះទេ គាត់ចង់មានន័យថា ប្រសិនបើគាត់ចាញ់ វានឹងមានការបង្ហូរឈាម»។
យ៉ាងណាមិញ ប្រធានាធិបតី រូបនេះ តែងតែបានចាត់ទុក លោក Trump ថា ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក ក្នុងពេលឃោសនា។ ពេលខ្លះ លោកស្រី Harris ក៏បានបន្ទរ លើប្រធានបទនេះ នៅក្នុងយុទ្ធនាការ ដែលបានផ្តល់ថាមពលឡើងវិញ ដល់គណបក្សប្រជាធិបតេយ្យ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត