សមាគមសិល្បករខ្មែរ និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍
ភ្នំពេញ៖ យោងតាមប្រព័ន្ធទំនាក់ទំនងតេលេក្រាមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយទាក់ទងនឹង សមាគមសិល្បករខ្មែរ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ ។
សម្ដេចធិបតី បានសរសេរក្នុងប្រព័ន្ធតេលេក្រាមដូច្នេះថា៖ ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចធិបតីនាយក រដ្ឋមន្ត្រី នៅថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សមាគមសិល្បករខ្មែរ រួមជាមួយរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃ កម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាការទាក់ទាញភ្ញៀវទេសចរ អន្តរជាតិមកទស្សនាផងដែរ។
ពិធីនេះនឹងរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។
កម្មវិធីនេះ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដេីម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ។
សម្ដេចធិបតី ក៏បានអំពាវនាវសូមបងប្អូន និងភ្ញៀវទេសចរ អញ្ជេីញចូលរួមឱ្យបាន ច្រេីនកុះករ ។
សូមរំលឹកថា ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យ ទេសចរណ៍ ក្នុងខេត្តសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពល ពីប្រទេសទាំងពីរ ចូលមកទស្សនានៅកម្ពុជា កាន់តែច្រើន ។
សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តចាត់ទុកវិស័យទេស ចរណ៍ ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាម រយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូល ជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល, ការជំរុញការនាំចេញនៅនឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារ បរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួល ខុស ត្រូវខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នឹងនៅតែ ជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ, មុខរបរ, ប្រាក់ចំណូល និងរួមចំណែកការសម្រេចបានគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១, ជាពិសេសរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
គួរបញ្ជាក់ដែរថា សន្ទុះភ្ញៀវទេសចរបរទេស មិនទាន់ងើបឡើងវិញបានស្រួលបួលនៅឡើយទេបច្ចុប្បន្ន ខណៈខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ធំ ចំនួនភ្ញៀវទេសចរបរទេសងើបឡើងយឺតៗនៅឡើយ ក្នុងរង្វង់ប្រមាណ២០ភាគរយ នៅឆ្នាំ២០២៣ បើធៀបនឹងមុនផ្ទុះជំងឺកូវីដ១៩កាលពីឆ្នាំ២០១៩ ។ នេះបើតាមលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍។
លោក តុប សុភ័ក បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក នៅដើមខែមិថុនា ថា ស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា គឺស្ថិតនៅក្នុងដំណាក់កាលនៃការងើបឡើងវិញ ក្នុងនោះទេសចរជាតិ មិនមានបញ្ហាទេ គឺមានសន្ទុះលឿនលើសពីការរំពឹងទុក។ ចំណែកស្ថានភាពភ្ញៀវទេសចរបរទេស គឺមិនទាន់ងើបឡើងវិញ បានស្រួលបួលនៅឡើយទេ ។
លោកថា នៅមុនកូវីដ១៩ គឺនៅក្នុងឆ្នាំ២០១៩ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសជាង ២,២លាននាក់ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣កន្លងទៅ ទទួលបានទេសចរអន្តរជាតិតែជាង ៨០ម៉ឺននាក់ទេ ខណៈបច្ចុប្បន្ននៅសៀមរាបភ្ញៀវបរទេសភាគច្រើនមកពីអាមេរិកនៅលំដាប់ទី១ បន្ទាប់មកអង់គ្លេស និងបារាំង ។
លោកបញ្ជាក់ថា បើតាមតួលេខកាលពីឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៥,៤៥លាននាក់ក្នុងក្របខណ្ឌទូទាំងប្រទេស។ ចំនួននេះ បើធៀបនឹងឆ្នាំ២០២២ កើនឡើង ១៣៩,៥ភាគរយ ដោយឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់។
ដោយឡែក ប្រសិនបើធៀបចំនួនភ្ញៀវទេសចរទូទៅឆ្នាំ២០២៣ ដែលមានសរុប ៥,៤៥លាននាក់ ទៅចំនួនភ្ញៀវទេសចរកាលពីមុនកូវីដ១៩ គឺនៅក្នុងឆ្នាំ២០១៩ ស្ថានភាពភ្ញៀវទេសចរបរទេសក្នុងក្របខណ្ឌទូទាំងប្រទេសរហូតដល់ ៦លាន ៦សែន ១ម៉ឺននាក់ គឺបានងើបឡើងវិញក្នុងរង្វង់ប្រមាណ៨០ភាគរយ ។
ចំណែកលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងដែរថា បើទោះបីជាការបូកសរុបរួមភ្ញៀវទេសចរបរទេសមានការកើនឡើង ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ ក៏ប៉ុន្តែភ្ញៀវទេសចរបរទេស ទៅទស្សនាខេត្តសៀមរាប គឺបានធ្លាក់ចុះខ្លាំងក្នុងរយៈពេល ២ខែចុងក្រោយនេះ ។
លោកស្រីបន្តថា នៅដើមឆ្នាំ២០២៤ គឺនៅខែមករា និងខែមីនា មានការកើនឡើងដោយក្នុង១ខែៗ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១១ម៉ឺននាក់ ក្នុងនោះខែកុម្ភៈ ទទួលបានជាង ១២ម៉ឺននាក់ ដែលតួលេខនេះ បានធ្វើឱ្យសេវាករ នៅខេត្តសៀមរាប មានការសប្បាយចិត្ត ។
ប៉ុន្តែចូលដល់ខែមេសា និងឧសភា ភ្ញៀវទេសចរបរទេសនៅខេត្តសៀមរាប បានធ្លាក់ចុះ ដោយលោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា៖ ពីជាង១២ម៉ឺននាក់ ធ្លាក់នៅសល់តែ ៥ម៉ឺននាក់ អ៊ីចឹងឃើញថា ធ្លាក់ខ្លាំងដែលធ្វើឱ្យទីតាំងអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបទាំងមូល មានការព្រួយបារម្ភ ។
ដោយឡែកនាពេលថ្មីនេះ សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបបានប្រកាសឱ្យបណ្តាធនាគារ និងអាជីវករប្តូរប្រាក់ទាំងអស់ នៅទូទាំងប្រទេស អនុវត្តន៍ទៅតាមគោលការណ៍របស់ធនាគារជាតិ ក្នុងការចាយប្រាក់ដុល្លារ ដែលមានសភាព ចាស់ រហែក ឬប្រឡាក់ ដោយមិនត្រូវកាត់ទឹក ហើយសម្តេច បានបញ្ជាឲ្យមានការអនុវត្តន៍គោលការណ៍នេះ នៅទូទាំងប្រទេសតែម្តង ចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ។
ការប្រកាសឱ្យបណ្តាធនាគារ និងអាជីវករប្តូរប្រាក់ទាំងអស់ នៅទូទាំងប្រទេស អនុវត្តន៍ទៅតាមគោលការណ៍ ក្នុងការចាយប្រាក់ដុល្លារ ដែលមានសភាព ចាស់ រហែក ឬប្រឡាក់ ដោយមិនត្រូវកាត់ទឹក បន្ទាប់ពីសម្ដេចធិបតី បានណែនាំទៅលោកជំទាវ ជា សិរី ទេសាភភិបាលធនាគាជាតិ នៃកម្ពុជា ឱ្យធ្វើការដាក់សាកល្បង ការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬរហែក នៅខេត្តសៀមរាបដោយមិនកាត់ទឹក និងទទួលបានការសាទរច្រើនពីសំណាក់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ៕
ដោយ ៖ វណ្ណលុក