ព្រលានយន្តហោះឌូបៃបំបែកកំណត់ត្រាថ្មី ស្រូបទាញអ្នកដំណើរជិត ៤៥លាននាក់
ឌូបៃ៖ អាកាសយានដ្ឋានអន្តរជាតិឌូបៃ បានបំបែកកំណត់ត្រាថ្មីមួយ ក្រោយទទួលបានអ្នកដំណើររហូតដល់ ៤៤.៩លាននាក់។
នៅឆមាសទី១ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាព្រលានយន្តហោះដ៏មមាញឹកបំផុតរបស់ពិភពលោក បានបំបែកកំណត់ត្រាថ្មីមួយ ក្រោយទទួលបានអ្នកដំណើររហូតដល់ ៤៤.៩លាននាក់។
អាកាសយានដ្ឋានឌូបៃបានបញ្ជាក់ថា តួលេខនេះបានកត់សម្គាល់ពីការកើនឡើងចំនួន ៨ភាគរយ បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០២៣ មានអ្នកដំណើរត្រឹមតែ ៤១.៦លាននាក់ ខណៈតួលេខនេះឆ្ពោះទៅរកការកើនឡើងថ្មីប្រចាំឆ្នាំ។
នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិឌូបៃ លោក Paul Griffiths បាននិយាយថា លទ្ធផលបំបែកកំណត់ត្រានៅក្នុងឆមាសទីមួយនៃឆ្នាំនេះបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់យើង ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោក។
លោកបន្ថែមថា យើងមានទស្សនវិស័យសុទិដ្ឋិនិយមយ៉ាងខ្លាំង សម្រាប់ពេលវេលានៅសល់នៃឆ្នាំនេះ ហើយយើងកំពុងស្ថិតនៅលើផ្លូវបំបែកកំណត់ត្រា ជាមួយនឹងអ្នកដំណើរប្រចាំឆ្នាំរហូតដល់ ៩១.៨លាននាក់ ដែលត្រូវបានព្យាករណ៍សម្រាប់ឆ្នាំ ២០២៤នេះ។
អាកាសយានដ្ឋានឌូបៃ បានទទួលអ្នកដំណើរចំនួន ៨៩.១លាននាក់ក្នុងឆ្នាំ ២០១៨ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ រីឯកាលពីឆ្នាំ ២០២៣ ចរាចរណ៍អ្នកដំណើរប្រចាំឆ្នាំបានឈានដល់ ៨៦.៩លាននាក់។
ចំណែកលទ្ធផលវិជ្ជមានរយៈពេលកន្លះឆ្នាំនៃឆ្នាំ២០២៤នេះបានកើតឡើងទោះបីជាមានភាពចលាចលក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចាប់ផ្តើមក្នុងខែតុលាក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា