Honda ចំណេញជាង ២ពាន់លានដុល្លារ ពីការលក់ឡានកូនកាត់
តូក្យូ៖ ក្រុមហ៊ុន Honda បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធប្រចាំត្រីមាស កាលពីថ្ងៃពុធ ខណៈដែលការលក់រថយន្តកូនកាត់កើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក និងជប៉ុន រួមជាមួយនឹងប្រាក់យ៉េនដែលទន់ខ្សោយ បានជួយ Honda យកឈ្នះលើការលក់ទន់ខ្សោយក្នុងទីផ្សារប្រទេសចិន។
ក្រុមហ៊ុន Honda បានប្រកាសថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើង ៨.៧ភាគរយ ដល់ ២.៤ពាន់លានដុល្លារ ក្នុងអំឡុងខែមេសា ដល់ខែមិថុនា ខណៈដែលការលក់បានកើនឡើង ១៦.៩ភាគរយ ដល់ ៣៦ពាន់លានដុល្លារ។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តលេខពីររបស់ប្រទេសជប៉ុនមួយនេះ បានរក្សាគោលដៅប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់ខ្លួនចំនួន ៦ពាន់លានដុល្លារ លើការលក់ចំនួន ១៣៧ពាន់លានដុល្លារ។
ក្រុមហ៊ុន Honda បាននិយាយថា អាជីវកម្មរថយន្តរបស់ខ្លួន គឺនៅតែ “រឹងមាំ” ដោយសារការកើនឡើងការលក់រថយន្តម៉ូដែលកូនកាត់នៅជប៉ុន និងសហរដ្ឋអាមេរិក។ ប៉ុន្តែការលក់រថយន្តទាំងមូលបានធ្លាក់ចុះ ដោយសារតែការលក់ទន់ខ្សោយនៅក្នុងទីផ្សារប្រទេសចិន ពីព្រោះមានការប្រកួតប្រជែងខ្លាំង។
រីឯបរិមាណនៃការលក់ម៉ូតូទូទាំងពិភពលោករបស់ Honda ក៏បានកើនឡើងផងដែរ ភាគច្រើននៅក្នុងប្រទេសឥណ្ឌា និងប្រេស៊ីល ខណៈដែលការលក់ធ្លាក់ចុះនៅក្នុងប្រទេសថៃ។
ក្រុមហ៊ុន Honda បាននិយាយកាលពីខែឧសភាថា ខ្លួនគ្រោងនឹងវិនិយោគទ្វេដងលើរថយន្តអគ្គិសនីដល់ ៦៥ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ខណៈដែលក្រុមហ៊ុននេះ កំពុងប្រឹងប្រែងផលិតរថយន្តអគ្គិសនីទាំងស្រុង ក្នុងរយៈពេល ១០ឆ្នាំក្រោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា