ក្រុមហ៊ុន Cathay ចាយ ១១ពាន់លានដុល្លារ ទិញយន្តហោះ Airbus ចំនួន ៣០គ្រឿង
ហុងកុង៖ ក្រុមហ៊ុន Cathay Pacific បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងទិញយន្តហោះ Airbus A330-900 ចំនួន ៣០គ្រឿង។
ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific នឹងទិញយន្តហោះ Airbus A330-900 យ៉ាងហោចណាស់ចំនួន ៣០គ្រឿង នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃ ១១ពាន់លានដុល្លារ។
ការប្រកាសនេះ កើតឡើងខណៈដែល Cathay បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤នេះ ជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ គិតត្រឹមឆ្នាំ ២០២៣។ យន្តហោះថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវចែកចាយនៅចុងឆ្នាំ២០៣១។
ក្រុមហ៊ុនអាកាសចរណ៍ហុងកុងនេះបន្ថែមថា ខ្លួនមានយន្តហោះដឹកអ្នកដំណើរច្រើនជាង ២៣០គ្រឿងរួចហើយ។ យន្តហោះទាំងនេះ នឹងត្រូវផ្លាស់ប្តូរថ្មីជាបណ្តើរៗ ជំនួសកងយន្តហោះរបស់ក្រុមហ៊ុនដែលមានស្រាប់ នៃយន្តហោះទំហំមធ្យម។
ក្រុមហ៊ុន Cathay បានអះអាងថា ចំនួនអ្នកដំណើររបស់ខ្លួនបានឈានដល់ ៨០ភាគរយ ហើយខ្លួនសង្ឃឹមថា នឹងឈានដល់ ១០០ភាគរយនៅដើមឆ្នាំ ២០២៥៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា