សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរួមនឹងមូលនិធិសប្បុរសធម៌វ័នរ៉ូដបានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តក្រចេះ
ក្រចេះ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរួមនឹងមូលនិធិសប្បុរសធម៌វ័នរ៉ូដបានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តក្រចេះដោយបានចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សជាង ៣០០នាក់នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ នេះជាសកម្មភាពមនុស្សធម៌ផ្តល់ស្នាមញញឹមដល់កុមារ ជាពិសេសកុមារដែលមកពីគ្រួសារដែលមានជីវភាពខ្វះខាតដើម្បីពួកគេមានសម្ភារប្រើប្រាស់សម្រាប់គាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ។
ពិធីចែកអំណោយជាសម្ភារសិក្សាដល់សិស្សានុសិស្សនេះប្រព្រឹត្តទៅក្រោមអធិបតីរបស់លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរួមជាមួយសមាជិកកិត្តិយសនិងសមាជិកាសមាគមដែលជាថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំក្រសួងរួមនឹងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ដោយមានវត្តមានចូលរួមពីអគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងក្រុមការងារ។
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងថា ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល និង បានជូនពរក្មួយៗកុមារាកុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ និងបានលើកឡើងថា ស្នាមញញឹមរបស់កុមារា កុមារី ជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងអំណរគុណដល់មូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានចូលរួមគាំទ្របេសកកម្មមនុស្សធម៌របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងបានផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា៕
ដោយ ៖ ង៉ាន់ ទិត្យ













