ក្រុមយុវជនសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយក អំណោយជួយដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី
(បន្ទាយមានជ័យ)៖ ក្រុមយុវជនសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យដឹកនាំ ដោយ លោក រ៉េត រ៉ន ប្រធានសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួនជួយដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានកុមារស្នាក់នៅ ១១២នាក់ ក្នុងនោះមានបុគ្គលិក ១៧នាក់ ។
លោក រ៉េត រ៉ន បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជូនដល់ប្អូនៗដែលកំពុងតែរស់នៅក្នុងមណ្ឌលជនអស់សង្ឃឹមទី ២ ស្រុកមង្គលបូរី ដោយក្តីព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្អូនៗគ្រប់ពេលវេលា ហើយយ៉ាងណាមិញឯកឧត្តមក៏បានបន្តផ្តាំផ្ញើដល់លោកនាយកគ្រប់គ្រងមណ្ឌល និងបុគ្គលិកនៅក្នុងមណ្ឌលទាំងអស់ត្រូវខិតខំថែរក្សាសុខភាព និងបង្កបង្កើតផល និងចូលរួមអនុវត្តគោលនយោ បាយភូមិ/ឃុំ មានសុវត្ថិភាព ដេីម្បីភាពសុខដុមរមនា របស់យើងទាំងអស់គ្នា។

លោក រ៉េត រ៉ន បានបញ្ជាក់ថា៖ ក្នុងនាមយើងជាពលរដ្ឋខ្មែរ ត្រូវតែគាំទ្រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា គាំទ្រនៅគម្រោងព្រែកជីកហ្វូណនតេជោ ។
សម្រាប់អំណោយរួមមាន អង្ករ ១០០០គីឡូក្រាម ត្រីខ ៥ កេសធំ ទឹកស៊ីអ៊ីវ ៥ កេសធំ មីពីរកេសធំ និងថវិកា ១ លានរៀលផងដែរ និងបានធ្វើការឧបត្ថម្ភជូនទៅដល់បុគ្គលិកនៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី ២ ស្រុកមង្គលបូរី ចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបានជាថវិកា ៥ម៉ឺនរៀលផងដែរ ៕



ដោយ ៖ ឃិន គន្ធា