សម្ដេចធិបតី៖ វត្តមានសាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សា នៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធ បើកឱ្យដំណើរការសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និង ជាការបង្កើនជម្រើសកាន់តែសំបូរបែប ដល់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វត្តមាន នៃសាកលវិទ្យាល័យ De Montfort គឺជាការផ្តល់តម្លៃបន្ថែម ដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយ របស់អង្គការសហប្រជាជាតិ ជាដៃគូសហការជាមួយនឹងមជ្ឈមណ្ឌលអប់រំនានា របស់អង្គការសហប្រជាជាតិ និងជាដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមភាពសិក្សា ។
សម្តេចធិបតី បានបន្តថា សាកលវិទ្យាល័យ De Montfort អាចជួយកម្ពុជា ក្នុងការការពាររំហូរចេញនៃធនធានខួរក្បាល តាមរយៈការផ្ដល់នូវការអប់រំ និងការបង្កើតការងារ នៅនឹងកន្លែង ពោល គឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។
ជាមួយនេះ សម្តេច នាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា នេះគឺជាកាលានុវត្តភាពថ្មី សម្រាប់និស្សិតយើង ក្នុងការ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សាកលវិទ្យាល័យ De Montfort ក៏នឹងផ្ដល់ឱកាសដល់និស្សិតខ្មែរ ដែលមានបំណងចង់ទទួលបានបទពិសោធសិក្សាថ្នាក់ឧត្តមសិក្សាទាំងរយៈពេលខ្លី និងវែង នៅចក្រភពអង់គ្លេស ឬនៅប្រទេសផ្សេងទៀត, ប៉ុន្តែយ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមានផ្ទាល់ នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះក៏នឹងរួមចំណែកបណ្ដុះវប្បធម៌ និងការយល់ដឹងពីបរិការណ៍អន្តរជាតិ ទន្ទឹមគ្នានឹងបរិការណ៍ដោយឡែកនៃគុណតម្លៃ និងការវិវឌ្ឍនៃសង្គមកម្ពុជាផងដែរ។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ