មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណៈការ អំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា
(ភ្នំពេញ)៖ ឯកឧត្តម ផន រីម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន អំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។ ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

ឯកឧត្តម អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា អាកាសធាតុអំណោយផល ដោយមានភ្លៀងបានធ្លាក់ក្នុងកម្រិតតិចតួច និងដោយកន្លែង នៃកំណាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)ជាឱកាសល្អ និងពេលវេលាសមស្របសម្រាប់ដំណើរការការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាពិសេសត្រង់ចំណោតទឹកតាប៉ន ចំណោតតាតៃ និងចំណោតអាស្រមលោកយាយម៉ៅ ដែលមានការលំបាកខ្លាំងពេលភ្លៀងធ្លាក់។ ចំណោតខាងលើ ពេលមានភ្លៀងធ្លាក់ តែងបង្កការលំបាកដល់ដំណើរការការដ្ឋាន ជាពិសេសបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។
ន័យដូចបានជម្រាបជូនខាងលើ ខ្ញុំបាទសូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤៕


ដោយ ៖ ង៉ាន់ ទិត្យ